(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឱ្យក្រុមមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ យកចិត្តទុកដាក់ជាអាទិភាពក្នុងការការពារសុវត្ថិភាពរបស់ប្រជាជន និងទ្រព្យសម្បត្តិ ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។
កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើខេត្តភាគខាងត្បូង ភាគកណ្ដាល និងខេត្តភាគខាងជើង ព្រមទាំងតំបន់មួយចំនួនទៀត ដោយបង្ខំអាជ្ញាធរចិន ជម្លៀសប្រជាជនរាប់ពាន់នាក់ ព្រមទាំងបំផ្លាញស្ពាន រថយន្ដជាច្រើនគ្រឿង និងផ្ទះជាច្រើនខ្នងផងដែរ។ ការអត្ថាធិប្បាយខាងលើរបស់លោក ស៊ី ជិនពីង ត្រូវបានដកស្រង់ចេញ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធនេះ និងបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ជាច្រើន ក្នុងនោះរួមមានទាំងទីក្រុង ឆុងជីង (Chongqing) ដោយបង្កឱ្យ មានមនុស្សស្លាប់ និងរងរបួស រួមទាំងការខាតបង់ទ្រព្យសម្បត្តិ។
លោក ស៊ី ជិនពីង បានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការប្រឹក្សាយោបល់ និងការស្រាវជ្រាវ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវការវិធានការប្រកាស អាសន្ន និងការព្យាករអាកាសធាតុជាដើម។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមចិន ភ្លៀងធ្លាក់ខ្លាំងនឹងអាចកើតមាននៅថ្ងៃពុធនេះ ក្នុងតំបន់ និងខេត្តដូចជាតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ខេត្ត លៀវនីង (Liaoning) ខេត្តជីលីន (Jilin) និងខេត្ត ហៃឡុងជាំង (Heilongjian)៕