(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់កូរ៉េខាងជើង មិនមានប្រយោជន៍អ្វីទាំងអស់សម្រាប់យោធា បន្ទាប់ពី ការវិភាគលើបំណែកផ្កាយរណបនេះដែលត្រូវបានស្រង់ចេញពីទឹកសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

កាលពីខែឧសភាកន្លងទៅ កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតមួយរបស់ខ្លួន ទៅកាន់គន្លងតារាវិថី ប៉ុន្តែគ្រាប់រ៉ុកែ្កតពាំផ្កាយរណបនេះបាន ធ្លាក់ចូលទឹកសមុទ្រ ប៉ុន្មាននាទីប៉ុណ្ណោះក្រោយការបាញ់បង្ហោះ។ កូរ៉េខាងត្បូងបានបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនឱ្យទៅស្រង់បំណែកផ្កាយរណប និងគ្រាប់រ៉ុក្កែតនេះ ដោយ ចំណាយពេលជាង ៣៦ថ្ងៃ។ រហូតដល់ថ្ងៃពុធនេះ ទើបក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ក្រោយបិទបញ្ចប់ប្រតិបត្តិការ ថាបំណែកគ្រាប់រ៉ុក្កែត និងផ្កាយរណបដែល ត្រូវបានស្រង់ចេញពីទឹកត្រូវបានវិភាគដោយក្រុមអ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ «ពួកគេបានវាយតម្លៃថាផ្កាយរណបនេះ គ្មានប្រយោជន៍ទាល់តែសោះ សម្រាប់យោធា»។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានអះអាងថាការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍យោធាគឺជាអទិភាពកំពូលមួយរបស់ទីក្រុងព្យុងយ៉ាង ហើយសន្យាថានឹងធ្វើការបាញ់បង្ហោះផ្កាយរណបនេះជាថ្មី ក្នុងពេលឆាប់ៗ៕