(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ បានឱ្យដឹងថាថ្ងៃទី៣ ខែកក្កដាកន្លងទៅនេះគឺជាថ្ងៃក្ដៅបំផុតមួយមិនធ្លាប់មានដែលត្រូវបានកត់ត្រា នៅជុំវិញពិភពលោក ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។
បើតាមទិន្នន័យផ្ដល់ដោយមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ កម្រិតមធ្យមនៃសីតុណ្ហភាពសកលបានកើនដល់ ១៧.០១អង្សាសេ ដែលនេះកើនឡើង លើសកម្រិតមធ្យមនៃសីតុណ្ហភាពសកល ១៦.៩២អង្សាសេ ត្រូវបានកត់ត្រាក្នុងខែសីហា ឆ្នាំ២០១៦ ខណៈរលកកម្ដៅកំពុងកើនឡើងនៅជុំវិញពិភពលោក។
តួយ៉ាង តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានជួបប្រទះរលកកម្ដៅដ៏ក្ដៅ កាលពីប៉ុន្មានសប្ដាហមុននេះ។ រីឯនៅប្រទេសចិន រលកកម្ដៅក៏នៅតែបន្តកើតមានផងដែរ ដោយ សីតុណ្ហភាពកើនលើស ៣៥អង្សាសេ ហើយក្នុងតំបន់អាហ្រិ្វកខាងជើង សីតុណ្ហភាពហក់ឡើងដល់ក្បែរ ៥០អង្សាសេឯណោះ។ លើសពីនេះទៅទៀត សូម្បីតែនៅតំបន់ អង់តាក់ទិក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងរដូវរងារ ក៏កំពុងប្រឈមសីតុណ្ហភាពខ្ពស់ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការប្រែប្រួលអាកាសធាតុ គួបផ្សំជាមួយ បាតុភូត អែល នីណូ (El Nino) គឺជាមូលហេតុចម្បងធ្វើឱ្យសីតុណ្ហភាពកើនឡើង៕