(មូស្គូ)៖ ទីក្រុងមូស្គូ បាននិយាយថាការវាយប្រហារដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែនលើទឹកដីរុស្ស៉ី មិនអាចធ្វើទៅបានឡើយ បើគ្មានការជួយពីសហរដ្ឋអាមេរិក និងអង្គការ NATO បន្ទាប់ពីអាជ្ញាធររុស្ស៉ីអះអាងពីការបាញ់ទម្លាក់យន្ដហោះដ្រូន ៥គ្រឿង នៅក្បែរទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារបែបនេះមិនអាចធ្វើទៅបានឡើយ បើគ្មានការផ្ដល់ជំនួយដល់របបទីក្រុង កៀវ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO»។ ក្រសួងក៏បានចោទប្រកាន់ដែរថាលោកខាងលិច បាន និងកំពុងជួយបណ្ដុះបណ្ដាលអ៊ុយក្រែនក្នុងការដឹកនាំ ការវាយប្រហារដោយយន្ដហោះដ្រូន ក៏ដូចជាផ្ដល់ព័ត៌មានសម្ងាត់នានា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ យោធារុស្ស៉ីបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៥គ្រឿង នៅក្បែរទីក្រុងមូស្គូ ដោយមិនបាន បង្កឱ្យមានការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ។ ប៉ុន្តែ ដូចសព្វដង អ៊ុយក្រែនបានច្រានចោលការចោទប្រកាន់របស់រុស្ស៉ី ហើយបានចោទត្រឡប់ទៅវិញថាទីក្រុង មូស្គូមានផែនការបង្កគ្រោះថ្នាក់ដ៏ធំសម្បើមមួយ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលទាហានរុស្ស៉ីកំពុងកាន់កាប់៕