(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថាមានទាហានជាប់កិច្ចសន្យាថ្មីចំនួន ១៨៥,០០០នាក់ បានចូលរួម ជាមួយកងទ័ពរុស្ស៉ី ក្នុងនាមជាកងទ័ពអាជីពជាប់កិច្ចសន្យា ចាប់តាំងពីដើមឆ្នាំ២០២៣មក ខណៈទីក្រុងមូស្គូកំពុងបង្កើនចំនួនយោធារបស់ខ្លួនឡើងវិញ ដែលបានបាត់បង់ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

កាលពីឆ្នាំ២០២២​ រុស្ស៉ីបានប្រកាសពីផែនការបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធឱ្យដល់ ១.៥លាននាក់ ឬកើនឡើង ៣០ភាគរយ ជាមួយការផ្សព្វផ្សាយទាក់ទាញប្រជាជន ឱ្យស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព។ ដោយផ្អែកលើតួលេខទទួលបានពីក្រសួងការពារជាតិរុស្ស៉ី លោក Medvedev បានបញ្ជាក់ថាគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកក្កដានេះ មានមនុស្សជាង ១៨៥,០០០នាក់ បានចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ ហើយក្នុងចំណោមពួកគេមាន ១០៩,០០០នាក់គឺជាកងទ័ពបម្រុង។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ លោក ពូទីន បានប្រកាសពីកែនកងទ័ពមួយផ្នែកបន្ថែមចំនួន ៣០០,០០០នាក់ ដោយបង្ខំឱ្យបុរសរុស្ស៉ីរាប់ម៉ឺននាក់ រត់គេចចេញ ពីប្រទេស ដោយសារមិនចង់ទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងពេលបច្ចុប្បន្ន លោក ពូទីនបានអះអាងថាមិនមានភាពចាំបាច់ត្រូវកែនកងទ័ពបន្ថែមនោះទេ៕