(ប៉េកាំង)៖ ការបះបោរមិនបានសម្រេចរបស់ទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសរុស្ស៉ីកាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការចោទសួរពីអំណាចដឹកនាំរបស់ លោក វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែ ខណៈសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយ វាច្បាស់ណាស់នឹងមានអ្នកឈ្នះពិតប្រាកដនៅក្នុងសង្រ្គាមនេះ នោះគឺចិន និងប្រធានាធិបតី លោក ស៊ី ជិងពីង។ ដូច្នេះហេតុអ្វីបានជាចិនអាចនឹងក្លាយជាអ្នកឈ្នះពិតប្រាកដក្នុងសង្រ្គាមមួយនេះ?
* ចិនអះអាងថាខ្លួនប្រកាន់ជំហរអព្យាក្រឹត
គោលជំហររបស់ចិនគឺបង្ហាញឱ្យពិភពលោកមើលឃើញថាខ្លួនជាមហាអំណាចមួយដែលស្រឡាញ់សន្តិភាព និងអព្យាក្រឹត។ ប៉ុន្តែ ក្រុមអ្នកវិភាគលោកខាងលិចយល់ថា ចិនមានទំនោរឈរនៅខាងរុស្ស៉ី។ ភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងលោកខាងលិច និងចិន គឺបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកចង់ឱ្យលោក វ្ល៉ាឌីមៀ ពូទីន តបស្នងមកវិញនូវតម្លៃមួយស័ក្តិសមសម្រាប់សង្រ្គាមឈ្លានពានអ៊ុយក្រែន។ រីឯចិនវិញមិនចង់ឱ្យរុស្ស៉ីសងអ្វីទាំងអស់ ហើយចិនកាន់តែមិនខ្វល់ទៅទៀតថាតើនរណា ជាអ្នកគ្រប់គ្រងតំបន់លូហាន ឬតំបន់ដូណេត។ តែចិនមើលឃើញពីឱកាសប្រើប្រាស់សង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ ដើម្បីស្វែងរកផលប្រយោជន៍ស្នូលមួយចំនួនសម្រាប់ ជាតិរបស់ខ្លួន។ ចិនចង់បំបែកបាក់លោកខាងលិច ដើម្បីអាចបំបែកអឺរ៉ុបចេញពីសហរដ្ឋអាមេរិក។ ចិនចង់លុបបំបាត់ភាពស្របច្បាប់របស់បក្សសម្ព័ន្ធយោធា NATO រួមទាំងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៉ី។
* ទាំងរុស្ស៉ី និងអ៊ុយក្រែន ត្រូវការការគាំទ្រពីចិន
ចិនបានគិតទុករួចជាមុនទៅហើយ តាមរយៈការបដិសេធមិនបង្ហាញការគាំទ្រជាសាធារណៈដល់ភាគីជម្លោះណាមួយ។ ធ្វើបែបនេះចិននៅតែអាចបន្តធ្វើជាមិត្តដ៏សំខាន់ របស់រុស្ស៉ីផង និងជាមួយអ៊ុយក្រែនផង។ ត្រង់នេះគេអាចស្រមៃបានថាចិនមិនចង់បានមិត្តបរាជ័យនោះទេ ប៉ុន្តែចិននៅតែមើលឃើញឱកាស និងផលចំណេញច្រើន ប្រសិនបើនៅក្រោយសង្រ្គាមបិទបញ្ចប់ រុស្ស៉ីក្លាយជាមិត្តម្នាក់ដែលមានភាពទន់ខ្សោយជាងខ្លួន និងពឹងផ្អែកខ្លាំងលើចិន។ តែក៏មិនមែនទន់ខ្សោយរហូតដល់បែកខ្ញែកគ្នា និងធ្វើឱ្យភាពចលាចលរាលដាលដល់តំបន់ព្រំដែនចិននោះទេ។ រដ្ឋាភិបាលលោកខាងលិចមួយចំនួនធំ មានការសង្ស័យចំពោះតួនាទី ជាអ្នកសម្របសម្រួលស្វែងរក សន្តិភាពរបស់ចិន ដោយសារតែពួកគេយល់ថាចិនទំនោរងាកទៅរករុស្ស៉ី។
តែទោះជាបែបនេះក្ដី ដោយសារតែបច្ចុប្បន្ន លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថាលោកចង់ឱ្យចិនមានវត្តមាននៅឯតុចរចាដែរផងនោះ វានឹងកាន់តែធ្វើឱ្យ បណ្ដាប្រទេសលោកខាងលិចចង់ដឹងពីអ្វីដែលចិនកំពុងគិត។ លោក ហ្សេលេនស្គី ដឹងយ៉ាងច្បាស់ថាអ៊ុយក្រែនអាចនឹងមានសុវត្ថិភាពទៅបាន លុះត្រាតែមានការធានា សន្តិសុខមួយយ៉ាងប្រាកដប្រជា ដោយធានាថារុស្ស៉ីនឹងមិនបើកឈា្លនពានជាថ្មីទៀតនៅពេលអនាគត រីឯកសាងអ៊ុយក្រែនឡើងវិញគឺត្រូវការលុយដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចិនស័ក្តិសមបំផុតសម្រាប់ការចូលរួមទាំងការធានាសន្តិសុខ និងការកសាងអ៊ុយក្រែនឡើងវិញ។
* ការខាតបង់របស់រុស្ស៉ី អាចជាប្រយោជន៍របស់ចិន
ដោយសារតែសង្រ្គាមឈ្លានពានអ៊ុយក្រែន រុស្ស៉ីបានដុតបំផ្លាញស្ពានមេត្រីភាពជាមួយបណ្ដាប្រទេសនៅអឺរ៉ុប ដែលជាអតិថិជនថាមពលដ៏ធំបំផុតរបស់ខ្លួន ក្រោមទិដ្ឋភាព ដែលត្រូវចំណាយពេលយូរអង្វែង ដើម្បីស្ដារទំនាក់ទំនងឡើងវិញជាមួយអឺរ៉ុប។ ក្នុងដំណាក់កាលនេះ រុស្ស៉ីមានតែត្រូវងាកឆ្ពោះមកទិសខាងកើត ហើយអាចនឹងត្រូវបង្ខំចិត្ត បិទភ្នែកម្ខាងបើកភ្នែកម្ខាង នៅពេលពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍ជាមួយចិន។ ជាឧទាហរណ៍ដូចជានៅតំបន់អាក់ទិក៖ ទោះជាមិត្តនឹងគ្នា តែរុស្ស៉ីក៏មានការបារម្ភខ្លាំង គួរសមដែរចំពោះការបណ្ដោយឱ្យចិនទាញយកប្រយោជន៍ពីការរលាយទឹកកកដែលកំពុងបង្កើតជាផ្លូវសមុទ្រដឹកជញ្ជូនថ្មីមួយ និងការសាងសង់កំពងផែថ្មីៗ ស្របពេល ការប្រែប្រួលអាកាសធាតុកំពុងបើកទ្វារតំបន់អាក់ទិកជាមួយពិភពកលោក។ តែរុស្ស៉ីនឹងមិននិយាយពាក្យថា «ទេ» ឡើយចំពោះវត្តមានរបស់ចិន។
ម្យ៉ាងវិញទៀត សង្រ្គាមនៅអ៊ុយក្រែន វាក៏ធ្វើឱ្យមានការប្រែប្រួលដល់ភូមិសាស្ត្រនយោបាយសកលផងដែរ។ តួយ៉ាងដូចជាករណីឥណ្ឌាជាដើម។ ឥណ្ឌាគឺជាប្រទេសមួយ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការទិញអាវុធពីរុស្ស៉ី ខណៈមានជម្លោះព្រំដែនជាមួយអ្នកជិតខាងរបស់ខ្លួនគឺចិន។ សព្វថ្ងៃឥណ្ឌាកាន់តែងាកទៅរកសហរដ្ឋអាមេរិក ជាពិសេស ក្នុងវិស័យយោធា ហើយនេះក៏ដោយសារតែប្រសិនបើមានជម្លោះណាមួយផ្ទុះឡើងនៅពេលអនាគតរវាងចិន និងឥណ្ឌា ការព្រួយបារម្ភបំផុតរបស់ទីក្រុងញូវដេលី នោះគឺ ចិនអាចនឹងហៅទូរស័ព្ទទៅកាន់ទីក្រុងមូស្គូ និងនិយាយថា «ឈប់បញ្ជូនអាវុធឱ្យឥណ្ឌា»។
ចិនកំពុងអង្គុយរង់ចាំមើលភាគីដែលពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន អស់កម្លាំងរៀងៗខ្លួន និងរំពឹងថាសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយនឹងលេចចេញជារូបរាងឡើង ដោយ រុស្ស៉ីនឹងមិនតបស្នងនូវតម្លៃអ្វីទាំងអស់សម្រាប់ការឈ្លានពានអ៊ុយក្រែន ហើយពិភពលោកនឹងត្រូវរៀនសម្របខ្លួនជាមួយពួកកំពូលមហាអំណាចដែលនេះជាសណ្ដាប់ធ្នាប់ ពិភពលោកមួយស័ក្តសមនឹងចិនបំផុត៕