(កៀវ)៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារទី៤ ខែកក្កដាថា មនុស្សយ៉ាងហោចណាស់ ៣១នាក់ រួមទាំងកុមារ ៩នាក់ត្រូវបានរងរបួស និងបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីទៅលើទីក្រុង Pervamysky ក្នុងតំបន់ Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
អភិបាលតំបន់ Kharkiv លោក Oleh Sinhopov បានសរសេរបញ្ជាក់ប្រាប់នៅលើកម្មវិធីផ្ញើសារ Telegram ថា ការបាញ់ផ្លោងបានកើតឡើងនៅម៉ោង ១៣:៣៥នាទី (ម៉ោងក្នុងតំបន់) ហើយរថយន្តជាច្រើនត្រូវបានបំផ្លេចបំផ្លាញ។
ក្រុមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងទៀតថា ការវាយប្រហារនេះបានវាយចំណតរថយន្តនៅខាងក្រៅអគារលំនៅដ្ឋានមួយ ដែលមានកម្ពស់ច្រើនជាន់នៅក្នុងទីក្រុងដែលមានមនុស្សប្រហែល ២៨,០០០នាក់ នៃតំបន់ Kharkiv។
លោក Andrei Yermak ប្រធានការិយាល័យប្រធានាធិបតីក្រុងកៀវ បាននិយាយថា «មនុស្ស ៣១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ» ដោយបានគូសបញ្ជាក់ថា មាន ៩នាក់ក្នុងចំណោមពួកគេជាកុមារ ក្នុងនោះមានទារក ២នាក់អាយុមួយឆ្នាំ និង១០ខែ។
គួរបញ្ជាល់ថា តំបន់ Kharkiv នៅតាមព្រំដែនជាមួយរុស្ស៊ីបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅពេលការ លុកលុយរបស់ទីក្រុងម៉ូស្គូបានចាប់ផ្តើមកាលពីឆ្នាំមុន ដែលតាមរយៈនោះទាហានរុស្ស៊ីបានចូលអ៊ុយក្រែន៕