(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំជាមួយមន្ត្រីបារាំងរាប់រយនាក់កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) សប្តាហ៍នេះ ដើម្បីចាប់ផ្តើមស្វែងរក «ហេតុផលស៊ីជម្រៅ» នៅពីក្រោយភាពចលាចលរបស់ប្រទេស បន្ទាប់ពីក្មេងជំទង់ម្នាក់ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីប៉ូលីសនៅចំណតមួយ កាលពីថ្ងៃអង្គារសប្ដាហ៍មុនមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
នៅវិមាន Elysee លោក Macron បានបើកកិច្ចប្រជុំមួយ ជាមួយអភិបាលក្រុងប្រហែល ២៥០នាក់ដែលទីក្រុងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ដោយអំពើហិង្សាក្នុងសប្តាហ៍នេះ ខណៈដែលអាជ្ញាធរបានរាយការណ៍ថា ភាពស្ងប់ស្ងាត់ហាក់វិលត្រឡប់មកវិញ ពេញមួយយប់កន្លងទៅនៅទូទាំងប្រទេស។
ទោះជាយ៉ាងណា លោក Macron បាននិយាយថា «តើនេះជាការវិលមកភាពស្ងប់ស្ងាត់ជាអចិន្ត្រៃយ៍ឡើងវិញទេ? ខ្ញុំនឹងមានការប្រុងប្រយ័ត្ន ប៉ុន្តែភាពវឹកវរកម្រិតកំពូល ដែលយើងបានឃើញកាលពីថ្ងៃមុន បានកន្លងផុតទៅហើយ» នេះបើយោងតាមអ្នកចូលរួមម្នាក់។
លោកបានមានប្រសាសន៍ទៀតថា «យើងទាំងអស់គ្នាចង់បានសណ្តាប់ធ្នាប់សាធារណៈដែលស្ថិតស្ថេរ។ នោះជាអាទិភាពដាច់ខាត»។
គួរបញ្ជាក់ថា ក្រុងនានារបស់បារាំងបាននិងកំពុងប្រយុទ្ធនឹងកុបកម្ម និងការលួចប្លន់ ចាប់តាំងពីយុវជនម្នាក់អាយុ ១៧ឆ្នាំ ត្រូវបានមន្ត្រីប៉ូលីសបាញ់សម្លាប់ នៅឯចំណតមួយនៅខាងក្រៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ខណៈការរិះគន់លើកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ បានកើតមានជាយូរមកហើយ ជុំវិញការប្រកាន់ពូជសាសន៍ជាប្រព័ន្ធនៅក្នុងចំណោមពួកគេ៕