(រ៉ាម៉ាឡា)៖ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែលនៅក្នុងទីក្រុង Jenin ភាគខាងជើងនៃតំបន់ West Bank និងជំរុំជនភៀសខ្លួន បានបន្តសម្រាប់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះ ដោយបានធ្វើឱ្យមនុស្ស ១០នាក់ស្លាប់ និងជាង ១០០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងការអាប់ដេតចុងក្រោយស្តីពីចំនួនអ្នកស្លាប់ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ១០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស ក្នុងនោះមាន ២០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកស្រុក និងប្រភពសន្តិសុខនៅទីក្រុង Jenin បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទីតាំងដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បន្ទាប់ពីប្រជាជនប្រមាណ ៥០០គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ កាលពីយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ។

លោក Nidal Al-Obaidi អភិបាលក្រុង Jenin បាននិយាយថា ជំរំជនភៀសខ្លួននៅពេលនេះមិនមានអគ្គិសនី ទឹកប្រើប្រាស់ទេ ហើយហេដ្ឋារចនាសម្ព័ន្ធរបស់ជំរុំក៏ត្រូវបានខូចខាតផងដែរ ដោយសារតែការឈ្លានពានរបស់អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល សហការជាមួយប៉ូលីស និងសេវាសន្តិសុខទូទៅ បានបន្តប្រតិបត្តិការយោធានៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីនក្រុង Jenin ។ សេចក្តីរាយការណ៍បាននិយាយថា ពួកគេបានរកឃើញរោងចក្រគ្រឿងផ្ទុះ ដែលមានឧបករណ៍បំផ្ទុះរាប់រយ និងអាវុធផ្សេងទៀត បន្ថែមពីលើឧបករណ៍យោធា រួមទាំងឧបករណ៍ទំនាក់ទំនងផងដែរ។

ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការជម្លៀសប្រជាជនចេញពីជំរុំជនភៀសខ្លួន Jenin។ ប៉ុន្តែអ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែល​ បានបដិសេធចំពោះរឿងនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាព័ត៌មានមិនត្រឹមត្រូវ»

គួរបញ្ជាក់ថា​ អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំបំផុតមួយលើទីក្រុង Jenin និងជំរំជនភៀសខ្លួននៅក្បែរនោះ ភាគខាងជើងនៃតំបន់​ West Bank កាលពីថ្ងៃចន្ទ។ ប្រតិបត្តិការយោធានេះត្រូវបានគេចាត់ទុកថា ជាប្រតិបត្តិការយោធាដ៏ធំបំផុតមួយរបស់អ៊ីស្រាអែលនៅតំបន់ West Bank ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់៕