(ព្រុចសែល)៖ នៅថ្ងៃអង្គារនេះ អគ្គលេខាធិការនៃអង្គការណាតូ (NATO) គឺលោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បានប្រកាសថា អាណត្តិរបស់លោក ត្រូវបានពន្យារបន្ថែម១ឆ្នាំទៀត គឺដល់ខែតុលា ឆ្នាំ២០២៤ ក្រោយការសម្រេចចិត្តរបស់សមាជិកទាំង៣១ នៃបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
លោក ស្តូលថិនបឺគ បានប្រកាសពីដំណឹងខាងលើ តាមរយៈបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ខ្ញុំមានកិត្តិយសណាស់ ដោយសារការសម្រេចចិត្តរបស់ក្រុមសម្ព័ន្ធមិត្ត NATO ដែលបានឯកភាពគ្នា ពន្យាររយៈពេលអាណត្តិរបស់ខ្ញុំ ក្នុងនាមជាអគ្គលេខាធិការរហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ ទំនាក់ទំនងរវាងអឺរ៉ុបនិងអាមេរិកខាងជើង បានធានានូវសេរីភាពនិងសន្តិសុខរបស់យើង សម្រាប់រយៈពេលជិត៧៥ឆ្នាំមកហើយ ហើយនៅក្នុងពិភពលោក ដែលកាន់តែគ្រោះថ្នាក់ខ្លាំងឡើងៗ សម្ព័ន្ធភាពយើងគឺកាន់តែមានសារសំខាន់ ជាងពេលណាៗទាំងអស់»។
គួរបញ្ជាក់ថា លោក ជែន ស្តូលថិនបឺគ វ័យ៦៤ឆ្នាំ ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសន័រវែស បានបន្តកាន់តួនាទីជាប្រមុខអង្គការ NATO ចាប់តាំងតែពីឆ្នាំ២០១៤មក។ តាមពិតទៅ អាណត្តិរបស់លោក ត្រូវបានគ្រោងថាបញ្ចប់ទៅ កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រោយសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនមក ក្រុមសមាជិក NATO ក៏បានសម្រេចពន្យារអាណត្តិលោក បន្ថែម១ឆ្នាំ គឺដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៣នេះ។ ចំណែកឥឡូវ វាត្រូវបានបន្តពន្យារ១ឆ្នាំទៀត គឺទៅដល់ដំណាច់ខែកញ្ញា ឆ្នាំក្រោយ។