(មូស្គូ)៖ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំអាស៉ី នៅថ្ងៃអង្គារនេះថា ប្រជាជនរុស្ស៉ីមានសាមគ្គីភាពជាងពេលណាៗទាំងអស់ នៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯវេទិកាអន្តរជាតិ ចាប់តាំងពីមានការបះបោររយៈពេលខ្លីមួយកាលពីខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងទៅកាន់កិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំតាមប្រព័ន្ធអនឡាញរួមជាមួយចិន និងឥណ្ឌា លោក ពូទីន បានគូសបញ្ជាក់ថា «ប្រជាជនរុស្ស៉ីមានការរួបរួមគ្នាមិនធ្លាប់មានពីមុនមក។ ទាំងមជ្ឈដ្ឋាននយោបាយ និងសង្គមទាំងមូលបានបង្ហាញយ៉ាងច្បាស់នូវស្មារតីទទួលខុសត្រូវចំពោះជោគវាសនានៃមាតុភូមិ អំឡុងពេលដែលពួកគេឆ្លើយតបប្រឆាំងនឹងការប៉ុនប៉ងបះបោរប្រដាប់អាវុធ»

លោក ពូទីន បានឲ្យដឹងថា ទីក្រុងមូស្គូ មានគម្រោងជំរុញទំនាក់ទំនងជាមួយអង្គការសហប្រតិបត្តិការសៀងហៃ និងគាំទ្រការផ្លាស់ប្តូរទៅរកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មបរទេស ហើយក៏បានព្រមានផងដែរថា សក្តានុពលនៃជម្លោះ និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង។

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក ពូទីន និងការសង្កត់ធ្ងន់លើការរួបរួមរបស់រុស្ស៉ីក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ហាក់ដូចជាចង់បន្ថយមន្ទិលសង្ស័យអំពីសិទ្ធិអំណាចផ្ទាល់ខ្លួនរបស់លោកនៅលើឆាកអន្តរជាតិ បន្ទាប់ពីមានការបះបោររយៈពេលខ្លីដែលដឹកនាំដោយថៅកែទាហានស៊ីឈ្នួល Wagner គឺលោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) កាលពីចុងខែមិថុនាកន្លងទៅ៕