(អង់ការ៉ា)៖ ប្រទេសតួកគី និងអេហ្ស៉ីប បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ឲ្យដល់កម្រិតការទូតខ្ពស់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការបរទេសតួកគី នៅថ្ងៃអង្គារនេះបានឲ្យដឹងថា តួកគីបានតែងតាំងលោក សាលីហ៍ មូធ្លូ សេន (Salih Mutlu Sen) ជាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងគែរ ចំណែកអេហ្ស៉ីប បានតែងតាំងលោក អាមៀ អែលហាម៉ាមី (Amr Elhamamy) ជាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងអង់ការ៉ា។

សេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ថា «ការដំឡើងកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានអនុវត្តស្របតាមសេចក្តីសម្រេច របស់ប្រធានាធិបតីនៃប្រទេសទាំងពីរ ។ ជំហាននេះមានបំណងធ្វើឲ្យទំនាក់ទំន ងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជនតួកគី និងអេហ្ស៉ីប»

គួរបញ្ជាក់ថា ប្រទេសទាំងពីរមិនមានឯកអគ្គរដ្ឋទូតនោះទេចាប់តាំងពីឆ្នាំ ២០១៣មក នៅពេលដែលអេហ្ស៉ីបបណ្តេញ ឯកអគ្គរដ្ឋទូតតួកគីចេញពីប្រទេស ហើយចោទប្រកាន់ទីក្រុងអង់ការ៉ាថាបានគាំទ្រដល់អង្គការ ដែលធ្វើសកម្មភាពបំផ្លិចបំផ្លាញ ដល់ប្រទេសអេហ្ស៉ីប៕