(កាប៊ុល)៖ ក្រសួងសីលធម៌បានឲ្យដឹងថា រដ្ឋបាលតាលីបង់បានបញ្ជាឲ្យបិទហាងកែសម្ផស្សទាំងអស់ ក្នុងរយៈពេលមួយខែ ដែលជាចំណាត់ការថ្មីចុងក្រោយ នៃកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្រួមសិទ្ធិចូលទៅកាន់កន្លែងសាធារណរបស់ស្ត្រី ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
ហាងកែសម្ផស្សជាច្រើនបានរីកដុះដាលក្នុងទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់អាហ្វហ្កានីស្ថាន ប៉ុន្មានខែបន្ទាប់ពីក្រុមតាលីបង់ ត្រូវបានបណ្តេញចេញពីអំណាច កាលពីចុងឆ្នាំ២០០១។ ហាងទាំងនោះនៅតែដំណើរការ បើទោះបីជាក្រុមនេះបានវិលចូលមកគ្រប់គ្រងប្រទេសវិញ កាលពី ២ឆ្នាំមុនក៏ដោយ ប៉ុន្តែស្ថិតក្នុងលក្ខណៈលួចលាក់ ហើយបានផ្តល់ការងារឲ្យស្ត្រីមួយចំនួន។ លោក មហាំម៉ាត់ សាឌីត អាគីហ្វ (Mohammad Sadiq Akif) អ្នកនាំពាក្យក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអគុណធម៌ បានគូសបញ្ជាក់នៅថ្ងៃអង្គារនេះថា «កាលបរិច្ឆេទនៃការបិទហាងកែសម្ផស្សសម្រាប់ស្ត្រី គឺមានរយៈពេលមួយខែ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ក្រុមតាលីបង់បានបិទវិទ្យាល័យរបស់ក្មេងស្រីភាគច្រើន រារាំងស្ត្រីពីការចូលរៀននៅសាកលវិទ្យាល័យ និងបញ្ឈប់បុគ្គលិកផ្តល់ជំនួយជាស្ត្រីអាហ្វហ្កានីស្ថានជាច្រើននាក់មិនឲ្យធ្វើការ។ រីឯ កន្លែងសាធារណៈជាច្រើន រួមទាំងកន្លែងស្ទីម កន្លែងហាត់ប្រាណ និងសួនកម្សាន្តក៏ត្រូវបានបិទទ្វារសម្រាប់ស្ត្រី។ បើតាមរដ្ឋាភិបាលខាងលិច និងអង្គការអន្តរជាតិ ការរឹតបន្តឹងលើស្ត្រីកំពុងរារាំងដំណើរការដែលអាចកើតមាន ចំពោះការទទួលស្គាល់រដ្ឋបាលតាលីបង់ពីសំណាក់អន្តរជាតិ៕