(ប៉េកាំង)៖ ក្នុងឱកាសនៃការថ្លែងសុន្ទរកថា ចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានអំពាវនាវឱ្យបណ្តាប្រទេសដែលជាសមាជិក ធ្វើការងាររួមគ្នាសំដៅឆ្ពោះទៅថែរក្សាការពារ​សុខសន្តិភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ស៉ី បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួម ដើម្បីការពារសន្តិភាពក្នុងតំបន់ក៏ដូចជាធានានូវសន្តិសុខរួម ហើយលោកបានទទូចឱ្យក្រុមប្រទេសជាសមាជិក SCO ដើរតាមទិសដៅត្រឹមត្រូវ ព្រមទាំងពង្រឹងសាមគ្គីភាពនិងសេចក្តីជឿទុកចិត្តរវាងគ្នានិងគ្នា។ ការថ្លែងសុន្ទរកថារបស់លោកប្រធានាធិបតីចិន ប្រព្រឹត្តទៅបន្ទាប់ពី នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែលជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំអនឡាញខាងលើ ហាក់បានព្រលយពាក្យសម្តីដាក់ប៉ាគីស្ថាន ដែលជាគូបដិបក្ខយូរមកហើយ ប៉ុន្តែជាសមាជិកនៅក្នុង SCO ដូចគ្នា។

ចំណែកប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏បានចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល SCO ផងដែរ ខណៈវាកើតឡើង បន្ទាប់ពី​មានសកម្មភាពបះបោរដោយ ក្រុមទាហានស៉ីឈ្នួល Wagner នៅប្រទេសរុស្ស៉ីកាលពីខែមុន។ មេដឹកនាំក្រុម Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន បានសម្រេចបោះបង់ការបះបោររបស់ខ្លួនវិញ នៅពាក់កណ្តាលទី ក្រោយសម្រេចបានការព្រមព្រៀងគ្នា ជាមួយវិមានក្រឹមឡាំង។

គួរបញ្ជាក់ថា បង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីបម្រើជាវេទិកាពិភាក្សាលើបញ្ហាសន្តិសុខនិងសេដ្ឋកិច្ច អង្គការ SCO មានសមាជិកដទៃទៀត ដូចជាកាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន និងអ៊ូសបេគីស្ថាន។ អ៉ីរ៉ង់ក៏ត្រូវគេរំពឹងថា នឹងក្លាយជាសមាជិកនៃអង្គការនេះផងដែរ។ ចំណែកប្រទេសមួយចំនួនទៀត ដូចជាបេឡារុសនិងម៉ុងហ្គោលី ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជារដ្ឋសង្កេតការណ៍៕