(អូស្លូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមការពារសិទ្ធិមនុស្សមួយបានអះអាងថា ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ប្រទេសអ៉ីរ៉ង់​បានព្យួរក​មនុស្សយ៉ាងហោចណាស់៣៥៤នាក់ ហើយសន្ទុះនៃការប្រហារជីវិតគឺខ្ពស់ជាងឆ្ងាយ បើធៀបទៅនឹងកាលពីឆ្នាំ២០២២។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

កន្លងមក បណ្តាក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា បាននិងកំពុងបង្កើនការប្រើប្រាស់ទោសប្រហារជីវិត ដើម្បីសាបព្រោះ​សេចក្តីភ័យខ្លាចនៅក្នុងសង្គម ចាប់ពីតាំងតែពីមានការផ្ទុះចលនាបាតុកម្មដ៏កក្រើក កាលពីខែកញ្ញា ឆ្នាំ២០២២ ជុំវិញការស្លាប់នៃនារីម្នាក់ ដែលត្រូវបានប៉ូលិសសីលធម៌អ៉ីរ៉ង់ ចាប់ខ្លួនពីបទបំពានច្បាប់ស្លៀកពាក់សម្រាប់ស្រ្តី។

ក្រុមសិទ្ធិមនុស្សអ៉ីរ៉ង់ ហៅកាត់ IHR ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បាននិយាយថា តួលេខមនុស្ស៣៥៤នាក់ ដែលត្រូវបាន​ប្រហារជីវិតនៅប្រទេសអ៉ីរ៉ង់ អំលុងឆមាសទីមួយដែលគិតពីដើមឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា គឺជាការកើនឡើង៣៦ភាគរយ បើធៀបទៅនឹង​តួលេខអំលុងពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលបានមើលឃើញមនុស្ស២៦១នាក់ ត្រូវបានប្រហារជីវិត។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ IHR អ៉ីរ៉ង់បានប្រហារជីវិតមនុស្សសរុប៥៨២នាក់ កាលពីក្នុងឆ្នាំ២០២២ ដែលជាតួលេខខ្ពស់​បំផុត សម្រាប់សាធារណរដ្ឋអ៉ីស្លាមមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៥មក៕