(ហ្សាការតា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានណែនាំឱ្យក្រុមរដ្ឋមន្រ្តីរបស់លោក រក្សាកញ្ចប់ថវិកាជាតិឱ្យស្ថិតក្នុងកម្រិតល្អប្រសើរមួយ ដើម្បីបង្ការសម្រាប់ហានិភ័យផ្សេងៗដែលអាចកើតឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងអំលុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាប្រចាំមួយ លោក វីដូដូ បានគូសរំលេចអំពីការចំណាយថវិកាហាក់ច្រើនជ្រុល ដោយបណ្តាស្ថាប័នផ្នែកសន្តិសុខរបស់ប្រទេសឥណ្ឌូណេស៉ី ក្នុងនោះរួមមានទាំងក្រសួងការពារជាតិផងដែរ ដែលបាននិងកំពុងធ្វើទំនើបកម្មបរិក្ខារយោធាចាស់ៗរបស់ប្រទេសអាស៊ានមួយនេះ។
លោក វីដូដូ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងត្រូវតែរក្សាកញ្ចប់ថវិកាជាតិឱ្យស្ថិតក្នុងកម្រិតប្រសើរមួយ។ យើងចាំបាច់ត្រូវផ្តោតនិងប្រុងខ្លួនសម្រាប់ហានិភ័យនៃវិបត្តិផ្សេងៗ» ហើយលោកបានព្រមានថា ក្រុមរដ្ឋមន្រ្តីត្រូវតែប្រយ័ត្នប្រយែងលើការទិញរបស់របរនានា។ ជាមួយគ្នានោះ លោកប្រធានាធិបតីឥណ្ឌូណេស៉ី ក៏បានលើកឡើងពីការចាយវាយខ្ពស់ៗ ដោយស្ថាប័នប៉ូលិសជាតិ ហើយនិងបណ្តាទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ផងដែរ។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំនេះ ក្រសួងការពារជាតិឥណ្ឌូណេស៉ី សម្រេចបានកិច្ចព្រមព្រៀងទំហំ៨០០លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន១២គ្រឿង ដែលក្រុមអ្នករិះគន់មួយចំនួន យល់ឃើញថា គឺជាយន្តហោះស៊េរីចាស់ពេក។ ចំណែកកាលពីខែកុម្ភៈ ឥណ្ឌូណេស៉ីក៏បានទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿង ក្នុងតម្លៃ៨.១ពាន់លានដុល្លារផងដែរ ហើយឥឡូវកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-15 ថែមទៀត៕