(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មន្រ្តីការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ចិន ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវតែបង្ហាញសញ្ញាឱ្យច្បាស់នៃការរួបរួមគ្នា សំដៅរកកិច្ចសហប្រតិបត្តិការ ហើយជម្នះការបង្ខិតបង្ខំ នៃសកម្មភាពគាបសង្កត់ និងត្រួតត្រា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

លោក វ៉ាង បាននិយាយពាក់ព័ន្ធកិច្ចប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជិតខាងទាំង៣ ដូចខាងលើនេះ នៅឯវេទិកាមួយដែលរៀបចំ​ដោយ លេខាធិការដ្ឋានកិច្ចសហប្រតិបត្តិត្រីភាគី ដែលជាស្ថាប័នមួយបង្កើតឡើងក្រោមការព្រមព្រៀងគ្នា រវាងទីក្រុងប៉េកាំង សេអ៊ូល និងតូក្យូ។ នាឱកាសនោះ លោក វ៉ាង បានអំពាវនាវឱ្យប្រទេសទាំង៣ បង្កើតស្មារតីស្វ័យភាពជាយុទ្ធសាស្រ្ត រក្សាសាមគ្គីភាពនិងស្ថិរភាពក្នុងតំបន់ ហើយទប់ទល់ជម្នះឱ្យបាន នូវការវិលត្រឡប់មកវិញ នៃផ្នត់គំនិតសម័យសង្រ្គាមត្រជាក់ ព្រមទាំង​រំដោះខ្លួនពីការបង្ខិតបង្ខំ នៃសកម្មភាពគាបសង្កត់ធ្វើបាបនិងត្រួតត្រា។

ទោះបីជាលោក វ៉ាង មិនបានលើកឡើងពីឈ្មោះសហរដ្ឋអាមេរិកចំៗក៏ដោយក្តី លោកបាននិយាយថា ប្រទេសមហាអំណាចខ្លះនៅក្រៅតំបន់ បានខិតខំព្យាយាមបង្កឱ្យមានការបែកបាក់ប្រេះឆា ជាជាងការរួមសាមគ្គីគ្នា ដើម្បីបម្រើផលចំណេញភូមិសាស្រ្តនយោបាយ។ បើតាមលោក វ៉ាង ប្រសិនបើបណ្តោយឱ្យទំនោររបៀបនេះវិវត្តទៅមុខទៀត វានឹងមិនត្រឹមរារាំងភាពរីកចម្រើនដោយរលូន នៃកិច្ចសហប្រតិបត្តិការត្រីភាគី​ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនភាពតានតឹងក៏ដូចជាការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ផងដែរ។ ជាចុងក្រោយ មន្រ្តីការទូតកំពូលចិន​រូបនេះ បានសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការដោះស្រាយបញ្ហាវិវាទផ្សេងៗ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់គ្នា និងប្រឆាំងដាច់ខាត​ចំពោះពាក្យសម្តី ឬទង្វើទាំងឡាយណា ដែលអាចរុញច្រានតំបន់ឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាម។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក វ៉ាង យី កើតមានចំពេលដែលភាពតានតឹងកំពុងកើនឡើង ខណៈសហរដ្ឋអាមេរិក បានប្រឹងប្រែង​កសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺជប៉ុននិងកូរ៉េខាងត្បូង ដើម្បីទប់ទល់ប្រឆាំង​ទៅនឹងការកើនឡើងឥទ្ធិពលរបស់ចិន នៅតំបន់អាស៉ី៕