(បាងកក)៖ លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) ជាមេដឹកនាំគណបក្ស Prachachat ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាថ្មីរបស់ថៃជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ ខណៈរូបលោកគឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
ការតែងតាំងលោក Wan Muhamad កើតមានឡើង បន្ទាប់ពីគណបក្ស Move Forward និងគណបក្ស Pheu Thai បានប្រកាសពីការឈានដល់ការឯកភាពគ្នាលើការជ្រើសរើស អ្នកនយោបាយជើងចាស់រូបនេះឱ្យកាន់តំណែងជាប្រធានរដ្ឋសភា កាលពីយប់ថ្ងៃចន្ទ ទី៣ ខែកក្កដា។ លោក Wan Muhamad មានអាយុ ៧៩ឆ្នាំ បានថ្លែងសារភា្លមៗក្រោយត្រូវ បានប្រកាសតែងតាំង ដោយលោកបានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក ជាមួយការសង្កត់ធ្ងន់ថាលោកនឹងប្រកាន់យកភាពអព្យាក្រឹត ក៏ដូចជាធ្វើតាមព្រះរាជយោបល់របស់ ព្រះមហាក្សត្រថៃ ដែលទ្រង់បានប្រទានក្នុងពេលបើករដ្ឋសភាថ្មី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ រដ្ឋសភាថៃនឹងបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសអនុប្រធាន២រូប ដោយអនុប្រធានទី១ គឺជាសមាជិកសភាមកពីគណបក្ស Move Forward និងអនុប្រធានទី២ មកពីគណបក្ស Pheu Thai អនុលោមតាមកិច្ចព្រមព្រៀងរវាងគណបក្សទាំង២។ លោក Wan Muhamad ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាដោយស្វ័យប្រវត្តិ គឺដោយសារតែលោកជាបេក្ខជនតែម្នាក់គត់៕