(វ៉ាស៉ីនតោន)៖ ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក វ្ល៉ាឌីមៀ ឌូណាអេវ (Vladimir Dunaev) ជាជនជាតិរុស្ស៉ីដែលកំពុងជាប់ ឃុំបណ្តោះអាសន្ន ក្នុងរដ្ឋអូហាយយ៉ូ (Ohio) សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត បានជួបបុគ្គលិករបស់ស្ថានទូតរុស្ស៉ី ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងក្រោយការធ្វើបត្យាប័នឆ្នាំ២០២១ ពីកូរ៉េខាងត្បូងទៅកាន់រដ្ឋ Ohio ថា លោក ឌូណាអេវ គឺជាសមាជិកនៃអង្គការឧក្រិដ្ឋកម្ម តាមអ៉ីនធឺណិតមួយ ជាអ្នកនៅពីក្រោយការបង្កើតវីរុសកុំព្យូទ័រឈ្មោះ Trickbot។ អ្នកនាង ណាដេសដា ស៊ូមូវ៉ា (Nadezhda Shumova) ជាប្រធានផ្នែកកុងស៊ុល ប្រចាំស្ថានទូត បានប្រាប់សារព័ត៌មាន TASS ដូច្នេះថា «ជនរួមជាតិរុស្ស៉ី (លោក ឌូណាអេវ) មិនចាត់ទុកខ្លួនឯងថាមានកំហុសទេ ហើយលោកក៏មិនមានបំណង ចុះហត្ថលេខាលើការសារភាព ជាមួយនិងការិយាល័យរដ្ឋអាជ្ញានោះដែរ។ លោកនឹងតស៊ូដើម្បីយុត្តិធម៌ដល់ទីបញ្ចប់»

គួរបញ្ជាក់ថា ការចោទប្រកាន់លើលោក ឌូណាអេវ បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៥ និងបន្តរហូតដល់ខែសីហា ឆ្នាំ២០២០។ លោកនិងអ្នកផ្សេងទៀត ត្រូវចោទប្រកាន់ថាបានលួចលុយ ព័ត៌មានសម្ងាត់ និងបំផ្លាញប្រព័ន្ធគ្រប់គ្រងកុំព្យូទ័ររបស់បុគ្គល ស្ថាប័នហិរញ្ញវត្ថុ សាលារៀន ក្រុមហ៊ុន អង្គភាពរដ្ឋាភិបាល និងអាជីវកម្មឯកជន។ លោក ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងការលួចអត្តសញ្ញាណដែលមានស្ថានទម្ងន់ទោស គប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ តាមធនាគារ លាងលុយកខ្វក់ និងបទល្មើសជាច្រើនករណីទៀត។ ប្រសិនបើត្រូវបានកាត់ទោសមែននោះ លោក ឌូណាអេវ អាចប្រឈមនឹងការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៦០ឆ្នាំ៕