(ប៉ារីស)៖ លោកតា ឡេអុន ហ្គោត្យេ (Leon Gautier) ជាសមាជិកចុងក្រោយគេបង្អស់ម្នាក់នៃកងកុម្ម៉ង់ដូពិសេសបារាំង ដែលរស់រានមានជីវិតពីសមរភូមិ D-Day នៃសង្រ្គាមលោកលើកទី២ បានទទួលមរណភាពហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងអាយុ១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

លោកតា ឡេអុន ហ្គោត្យេ គឺជាកុម្ម៉ង់ដូម្នាក់នៅក្នុងចំណោមកុម្ម៉ង់ដូពិសេសបារាំង១៧៧នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើកងទ័ពហ៊ីត្លែរដែលកាន់ កាប់តំបន់ឆ្នេរ ន័រម៉ង់ឌី (Normandy) ក្នុងឆ្នាំ១៩៤៤។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា សមរភូមិ D-Day ដែលកងទ័ពបារាំងរបស់ឧត្តមសេនីយ៍ សាល ឌឺហ្គោល (Charles de Gaulle) និងកងទ័ពមកពីប្រទេសជាសម្ព័ន្ធមិត្ត បើកប្រតិបត្តិការយោធារំដោះបារាំងពីការគ្រប់គ្រងរបស់កងទ័ពហ៊ីត្លែរក្នុងសម័យ សង្រ្គាមលោកលើកទី២។

គួរបញ្ជាក់ថា នៅក្រោយទទួលបានដំណឹងមរណភាពប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចាត់ទុកលោកតា ឡេអុន ហ្គោត្យេ និងបងប្អូនរួមអាវុធ របស់លោកតា គឺជាវីរបុរសនៃការរំដោះជាតិជាមួយការសង្កត់ធ្ងន់ថា «ប្រទេសជាតិនឹងមិនបំភ្លេចរូបលោកតា» នោះទេ៕