(វ៉ាស៊ីនតោន)៖ ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាមនុស្ស ៤នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុង Philadelphia ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យម្នាក់មកពីនាយកដ្ឋានប៉ូលិសក្នុងទីក្រុង Philadelphia បានបញ្ជាក់ប្រាប់ Reuters តាមរយៈសារអេឡិចត្រូនិក (email) ថាមានជនរងគ្រោះជាច្រើន នាក់ក្នុងករណីបាញ់ប្រហារ ប៉ុន្តែភា្លមៗ មិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ចំណែក ខាងប៉ូលិសបានឱ្យដឹងថាជនសង្ស័យជាបុរសម្នាក់ពាក់អាវការពារគ្រាប់ ត្រូវបាន ចាប់ខ្លួន ហើយកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើមត្រូវបានរកឃើញនៅឯច្រកផ្លូវមួយកន្លែង។
យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ដោយផ្អែកលើការស្រង់សម្ដីពីប៉ូលិស ក្នុងទីក្រុង Philadelphia បានរាយការណ៍ថា មនុស្ស ៤នាក់ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារខាងលើ។ ហេតុការណ៍បាញ់ប្រហារនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ២នាក់ ត្រូវបានខ្មាន់កំាភ្លើងម្នាក់បាញ់សម្លាប់ និងមនុស្ស ២៨នាក់ផ្សេងទៀតរងរបួស ក្នុងការបាញ់ប្រហារនៅឯទីក្រុង Baltimore នៃរដ្ឋ Maryland៕