(ញូវដេលី)៖ ក្រុមមេដឹកនាំបណ្ដាប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នឹងបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារនេះ ដោយមានឥណ្ឌា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថាក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល SCO ផងដែរ ដែលនេះនឹងផ្ដល់ឱកាសឱ្យលោក ពូទីន បង្ហាញខ្លួនជាលើកដំបូងនៅក្នុងវេទិកាអន្តរជាតិមួយ ចាប់តាំងពីលោកបានទប់ស្កាត់បានដោយជោគជ័យនូវការបះបោររបស់ទាហានស៊ីឈ្នួលរុស្ស៉ី Wagner កាលពីចុងខែមិថុនាកន្លងទៅ។
គួរបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បង្កើតឡើងដោយរុស្ស៉ី និងចិន ក្នុងឆ្នាំ២០០១ ក្រោមកិច្ចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល ដែលមាន សមាជិកចំនួន៨ប្រទេស ក្នុងនោះរួមមានទាំងឥណ្ឌា និងប៉ាគីស្ថានផងនោះ គឺជាអង្គការនយោបាយ និងសន្តិសុខមួយដែលមានគោលដៅទប់ទល់នឹងការកើនឡើងឥទ្ធិពល លោកខាងលិចនៅក្នុងតំបន់អឺរ៉ាស៊ី។ ខណៈអ៉ីរ៉ង់ត្រូវបានរំពឹងថានឹងទទួលបានសមាជិកភាព ប្រទេសបេឡារុស នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយដែល នឹងត្រួសត្រាយផ្លូវឱ្យប្រទេសមួយនេះចូលជាសមាជិក SCO នៅពេលអនាគត៕