(ម៉ូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ការប្រឈមមុខដាក់គ្នារបស់ទីក្រុងមូស្គូជាមួយលោកខាងលិច អាចនឹងអូសបន្លាយរាប់ទសវត្សរ៍ទៅមុខទៀត ហើយជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែនអាចក្លាយជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងអត្ថបទមួយរបស់កាសែតរដ្ឋ Rossiyskaya Gazeta លោកបាននិយាយថា ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចគឺ «កាន់តែអាក្រក់» ជាងក្នុងអំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ទៅទៀត ដែលនៅពេលនោះពិភពលោកស្ថិតនៅលើគែមនៃសង្រ្គាមនុយក្លេអ៊ែរ។

លោក Medvedev ដែលបាននិយាយម្តងហើយម្តងទៀតថា ការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន បង្កើនឱកាសនៃជម្លោះនុយក្លេអ៊ែរ បាននិយាយថា សង្រ្គាមនុយក្លេអ៊ែរគឺ «ទំនងនឹងកើតឡើងណាស់» ប៉ុន្តែប្រហែលជាមិនមានអ្នកឈ្នះនោះទេ។

ជុំវិញបញ្ហាអ៊ុយក្រែន លោកបាននិយាយថា ក្រុង​ម៉ូស្គូ​នៅតែ​ប្តេជ្ញា​បញ្ឈប់​អ៊ុយក្រែន​ចូល​ជា​សមាជិក​ណាតូ ដោយគូសបញ្ជាក់ថា «គោលដៅរបស់យើងគឺសាមញ្ញ ដើម្បីលុបបំបាត់ការគំរាមកំហែង នៃសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ ហើយយើងនឹងសម្រេចវាបាន»

ដោយយោងលើច្បាប់របស់អង្គការណាតូ អំពីការមិនទទួលស្គាល់ប្រទេសណាដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដែនដី លោកបាននិយាយថា ជម្លោះជាមួយអ៊ុយក្រែនអាចក្លាយជា «អចិន្ត្រៃយ៍» ដោយសារធម្មជាតិអត្ថិភាពរបស់វាសម្រាប់ទីក្រុងម៉ូស្គូ៕