(តូក្យូ)៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុង បានឲ្យដឹងថា មនុស្សចំនួន ៤នាក់បានរងរបួសនៅក្នុងការផ្ទុះ និងអគ្គីភ័យលើអគារមួយកន្លែង នៅកណ្តាលទីក្រុងតូក្យូ ដោយរូបភាពពីវីដេអូបង្ហាញឲ្យឃើញនូវអណ្តាតភ្លើង និងផ្សែងហុយចេញពីទីតាំងអាជីវកម្មនៅជាន់ទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

អគ្គីភ័យបានឆាបឆេះអគារមួយក្នុងតំបន់ភោជនីយដ្ឋាន នៃសង្កាត់ស៉ីមបាស៉ិ (Shimbashi) ដែលមានសភាពអ៊ូអរ នៅប្រហែលម៉ោង ៣រសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ AFP ដោយ មិនបញ្ចេញឈ្មោះថា «សំឡេងផ្ទុះក៏ត្រូវបានឮលាន់ផងដែរ។ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣២គ្រឿងកំពុងស្ថិតនៅកន្លែងកើតហេតុ។ មានមនុស្ស ៤នាក់បានរងរបួសក្នុងនោះ៣នាក់បានដឹងខ្លួនហើយ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីជនរងគ្រោះទី៤នោះទេ»

គួរបញ្ជាក់ថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ៕