(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ៊្វូ (Li Shangfu) បានប្រាប់មេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោកឧត្តមនាវីឯក នីកូឡាយ យេវមេនូវ (Nikolay Yevmenov) ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងថា កងទ័ពរំដោះប្រជាជនចិន (PLA) រំពឹងថានឹងមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាញឹកញាប់ជាមួយកងទ័ពជើងទឹករុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
លោក លី ត្រូវបានដកស្រង់សម្តីតាមរយៈបណ្តាញសង្គម WeChat ដែលបានគូសបញ្ជាក់ថា «មានការផ្លាស់ប្តូរ និងធ្វើទំនាក់ទំនងជាញឹកញាប់រវាងកងទ័ពជើងទឹកចិន និងរុស្ស៉ី។ យើងជឿជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរនឹងបន្តពង្រីក និងពង្រឹង ហើយអភិវឌ្ឍឈានដល់កម្រិតថ្មីមួយ»។ លោក លី ក៏បានសង្កត់ធ្ងន់អំពីការរំពឹងទុកថា កងកម្លាំងជើងទឹកនៃប្រទេសទាំងពីរនឹងធ្វើសមយុទ្ធ ក៏ដូចជាល្បាតរួមគ្នាជាញឹកញាប់ ដើម្បីរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្រ្តីការពារជាតិចិន ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរុស្ស៉ី និងចិនកំពុងមានការរីកចម្រើនជាលំដាប់៕