(មូស្គូ)៖ នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារសន្តិសុខ FSB របស់ប្រទេសរុស្ស៉ី បានអះអាងថា ខ្លួនបានទប់ស្កាត់ដោយជោគជ័យ នូវសកម្មភាពប៉ុនប៉ងវាយប្រហារលើ អភិបាលតំបន់គ្រីមៀ ដែលជាឧបទ្វីបត្រូវបានរុស្ស៉ីក្រសោបយកទៅពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ FSB បានលើកឡើងយ៉ាងដូច្នេះថា «ការប៉ុនប៉ងធ្វើឃាតមួយ ដែលរៀបចំដោយទីភ្នាក់ងារចារកម្មរបស់​អ៊ុយក្រែន ដោយមានគោលដៅមកលើអភិបាលតំបន់គ្រីមៀ លោក សឺហ្គៃ អាក់សិននូវ (Sergei Aksyonov) ត្រូវទប់ស្កាត់បានសម្រេច»។ ទីភ្នាក់ងារ FSB បានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺជាជនជាតិរុស្ស៉ីកើតនៅឆ្នាំ១៩៨៨ ដែលបានក្លាយជាគិញសម្ងាត់របស់​ទីភ្នាក់ងារចារកម្មអ៊ុយក្រែន SBU។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានកាត់យកគ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ក្រោយការបោះឆ្នោតប្រជាមតិមួយ ដែលទីក្រុងកៀវហើយនិង​ក្រុមប្រទេសលោកខាងលិច ចាត់ទុកជារឿងបោកបញ្ឆោត។ អំលុងពេលប៉ុន្មានខែនេះ ឧបទ្វីបគ្រីមៀ ក៏បានក្លាយជាគោលដៅវាយប្រហារយ៉ាងញឹកញាប់ផងដែរ ចំពោះមុខសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន ខណៈរុស្ស៉ីបានចោទប្រកាន់ថា ជាសកម្មភាពរបស់ទីក្រុងកៀវ៕