(ប៉ារីស)៖ យុទ្ធនាការរៃអង្គាសថវិកាតាមប្រព័ន្ធអនឡាញ សម្រាប់មន្រ្តីប៉ូលិសបារាំង ដែលបានបាញ់សម្លាប់យុវជនអាយុ ១៧ឆ្នាំម្នាក់ អំលុងការត្រួតពិនិត្យចរាចរណ៍ កាលពីសប្តាហ៍មុន ហើយបង្កឱ្យមានសកម្មភាពកុបកម្មដ៏ហិង្សា នៅទូទាំងប្រទេសរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺបានកើនដល់លើស៨៥០,០០០អឺរ៉ូហើយ ឬស្មើនឹង៩២៤,០០០ដុល្លារអាមេរិក គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
យុទ្ធនាការរៃអង្គាសប្រាក់នោះ ត្រូវបានផ្តួចផ្តើមឡើងដោយ អ្នកអត្ថាធិប្បាយព័ត៌មានស្តាំនិយមម្នាក់ នៅលើវែបសាយ Gofundme.com។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ មនុស្សសរុប៣៧,៨៧៤នាក់ បានចូលរួមបរិច្ចាគថវិការបស់ពួកគេ ដែលសរុបជាទឹកប្រាក់ចំនួន៨៥៣,០០០អឺរ៉ូ ហើយក្នុងនោះ ការបរិច្ចាគប្រាក់ច្រើនបំផុតពីបុគ្គលតែម្នាក់ គឺ៣,០០០អឺរ៉ូ។ អ្នកនយោបាយបារាំងមួយចំនួន មកពីគណបក្សកណ្តាលនិយម ដែលកំពុងកាន់អំណាច និងមកពីក្រុមគណបក្សឆ្វេងនិយម បាននាំគ្នារិះគន់ចំពោះយុទ្ធនាការរៃអង្គាសប្រាក់នេះ ដោយចាត់ទុកថាជាការប្រមូលលុយដ៏គួរឱ្យអាម៉ាស់។ រីឯសមាជិកសភាបារាំងឆ្វេងនិយមម្នាក់ ថែមទាំងបានលើកឡើងយ៉ាងដូច្នេះថា «ការសម្លាប់យុវជនម្នាក់ ដែលមានសវតារមកពីតំបន់អាហ្រ្វិកខាងជើង នៅប្រទេសបារាំងក្នុងឆ្នាំ២០២៣ គឺអាចឱ្យអ្នករកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់»។
គួរបញ្ជាក់ថា យុទ្ធនាការរៃអង្គាសប្រាក់សម្រាប់យុវជនរងគ្រោះវិញ គឺតិចជាងឆ្ងាយ បើធៀបជាមួយថវិកាដែលរៃអង្គាសបានខាងលើ សម្រាប់ប៉ូលិសដែលបានបាញ់សម្លាប់រូបគេ។ ប៉ូលិសបារាំងម្នាក់នោះ ត្រូវបានចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។ ចលនាកុបកម្មយ៉ាងហិង្សានៅបារាំង បានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន នៅពេលដែលយុវជន ឈ្មោះ ណាហែល អឹម (Nahel M) ត្រូវបានប៉ូលិសបាញ់សម្លាប់ក្នុងតំបន់ណង់ទែរ (Nanterre) ដែលនៅជាយក្រុងប៉ារីស ក្រោយមិនព្រមឈប់រថយន្ត តាមការបង្គាប់។ មកទល់ឥឡូវ អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្សច្រើនជាង៣,០០០នាក់ហើយ អំលុងកុបកម្មប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែស្ថានការណ៍ក៏ហាក់ចាប់ផ្តើមមានភាពធូរស្រាលជាងមុនផងដែរ៕