(វ៉ាសូវី)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ូឡូញបាននិយាយថា ខ្លួននឹងបញ្ជូនប៉ូលិស៥០០នាក់ ឱ្យទៅជួយពង្រឹងសន្តិសុខនៅតាម​តំបន់ព្រំប្រទល់របស់ខ្លួន ដែលជាប់ជាមួយបេឡារុស ដើម្បីទប់ទល់ការកើនឡើងនៃចំនួនជនចំណាកស្រុក ដែលឆ្លងចូលមក ហើយនិង​ការគំរាមកំហែងផ្សេងៗ ដែលអាចកើតមាន ក្រោយក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវបានផ្លាស់ទៅកាន់ប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីមហាផ្ទៃប៉ូឡូញ លោក ម៉ារីយូស កាមីនស្គី (Mariusz Kaminski) បានប្រកាសយ៉ាងដូច្នេះថា «ដោយសារតែស្ថានការណ៍មានភាពតានតឹង នៅតាមតំបន់ព្រំដែន ជាប់ជាមួយបេឡារុស ខ្ញុំបានសម្រេចចិត្តពង្រឹងកងកម្លាំងព្រំដែនរបស់យើងបន្ថែមទៀត ជាមួយប៉ូលិស៥០០នាក់ ដែលមកពីអង្គភាពទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ កងកម្លាំងប៉ូលិសទាំងនេះ នឹងចូលរួមជាមួយឆ្មាំព្រំដែនប្រមាណ៥,០០០នាក់ ហើយនិងទាហាន២,០០០នាក់ ក្នុងការរក្សាសន្តិសុខនៅតាមព្រំប្រទល់»

កន្លងមកនេះ ប៉ូឡូញបានចោទបេឡារុសថា បានបង្កើតវិបត្តិជនចំណាកស្រុកដោយចេតនា នៅតាមព្រំប្រទល់រវាងប្រទេសទាំងពីរ ចាប់តាំងពី​ឆ្នាំ២០២១មក តាមរយៈការដឹកជញ្ជូនមនុស្ស មកពីតំបន់មជ្ឈិមបូព៌ានិងអាហ្រិ្វកមកទម្លាក់នៅព្រំដែន ហើយព្យាយាមជំរុញឱ្យពួកគេ​ឆ្លងចូលមកដីរបស់ប៉ូឡូញ។ ទីក្រុងវ៉ាសូវី ក៏បាននិយាយដែរថា ការពង្រីកវត្តមានកម្លាំងសន្តិសុខធំជាងមុននេះ ក៏បម្រើជាចំណាត់ការមួយ ដើម្បីឆ្លើយតបចំពោះការផ្លាស់ទីតាំងរបស់ក្រុម Wagner ទៅកាន់បេឡារុស ផងដែរ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការផ្តល់ជម្រើសឱ្យសមាជិកនៃក្រុមទាហានស៉ីឈ្នួល Wagner អាចផ្លាស់ទៅឈរជើងនៅបេឡារុស បន្ទាប់ពីពួកគេបានយល់ព្រមបោះបង់ចោលការបះបោរប្រដាប់អាវុធ បានបង្កឱ្យមាន​ក្តីព្រួយបារម្ភ ក្នុងចំណោមបណ្តាប្រទេស NATO ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ក្រោមហេតុផលថា វត្តមានរបស់ពួកគេនៅទីនោះ មុខជា​នឹងបង្កអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំងថែមទៀត៕