(ប៉េកាំង)៖ កងនាវាមួយក្រុម នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដឹកនាំដោយនាវាពិឃាតណានណីង (Nanning) បានទៅដល់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយរបស់យោធាចិន ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិក ជាកន្លែងដែលទីក្រុងប៉េកាំងបានខិតខំប្រឹងប្រែងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

ស្ថានទូតចិនប្រចាំប្រទេសនីហ្សេរីយ៉ា បានសាទរចំពោះដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ​ ដែលនឹងមានរយៈពេល៥ថ្ងៃ ថាជាព្រឹត្តិការណ៍ដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលកងទ័ពជើងទឹករបស់នីហ្សេរីយ៉ា បានបង្ហាញឆន្ទៈក្នុងការធ្វើការជាមួយចិន ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខដែនសមុទ្រ និងរក្សាស្ថិរភាពនៅឈូងសមុទ្រហ្គីណេ។

តំបន់អាហ្រ្វិកខាងលិចដែលសម្បូរទៅដោយប្រេង គឺជាអ្នកនាំចេញប្រេងឆៅពិភពលោកដ៏សំខាន់មួយ។ សម្រាប់តំបន់នេះ ភាគច្រើនគឺប្រទេសអង់ហ្គោឡា និងនីហ្សេរីយ៉ា គឺជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ចិន។ ក្រុមហ៊ុនរុករកប្រេងដ៏ធំរបស់ចិន CNOOC Ltd ក៏ចូលរួមក្នុងរុករកប្រេងក្នុងទឹកជ្រៅ នៅឆ្នេរសមុទ្រនៃប្រទេសនីហ្សេរីយ៉ាផងដែរ។ ជាមួយគ្នានេះ មានការរំពឹងទុកផងដែរថា ឈូងសមុទ្រហ្គីណេ អាចផ្តល់មូលដ្ឋានសក្តានុពលសម្រាប់យោធាចិន ខណៈទីក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួន នៅស្ទើរតែគ្រប់ប្រទេសអាហ្វ្រិក តាមរយៈការវិនិយោគ ពាណិជ្ជកម្ម និងផ្តល់ប្រាក់កម្ចីក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៦ ប្រទេសដីកោះសៅតូម៉េ និងប្រាំងស៉ីប (Sao Tome and Principe) នៅឈូងសមុទ្រហ្គីណេ បានបង្កើតទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។ ចិនក៏បានបើកមូលដ្ឋានទ័ពជើងទឹក នៅក្រៅប្រទេសជាលើកដំបូងក្នុងប្រទេសជីប៊ូទី (Djibouti) ភាគឦសានទ្វីបអាហ្រ្វិក កាលពីឆ្នាំ២០១៧ផងដែរ ដែលនាំឲ្យមានក្តីបារម្ភថា ទីក្រុងប៉េកាំងអាចនឹងបង្កើតបណ្តាញដឹកជញ្ជូន ក្នុងតំបន់បន្ថែមទៀត ខណៈយោធាចិនព្យាយាមអភិវឌ្ឍ សមត្ថភាពប្រតិបត្តិការនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្រទេសរបស់ខ្លួន៕