(កៀវ)៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាន់ណា ម៉ាលីយ៉ា (Hanna Maliar) បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា កងកម្លាំងអ៊ុយក្រែនកំពុងទប់ទល់នឹងការវាយលុកយ៉ាងខ្លាំងក្លារបស់រុស្ស៉ី នៅឯសមរភូមិមុខនៃតំបន់ភាគខាងកើត ហើយប្រឈមការលំបាកនៅភាគឦសាន ប៉ុន្តែកំពុងមានការរីកចម្រើននៅជិតទីក្រុងបាកមូត (Bakhmut) និងតំបន់ភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រី ម៉ាលីយ៉ា បានសរសេរនៅលើបណ្តាញ Telegram បានយ៉ាងដូច្នេះថា «គ្រប់ទីកន្លែងទាំងអស់នៅភាគខាងកើតគឺកំពុងមានការប្រយុទ្ធគ្នា យ៉ាងក្តៅគគុក ដោយកងកម្លាំងរុស្ស៉ីបានរុលទៅមុខក្បែរទីក្រុងអាវឌីវការ (Avdiivka) និងម៉ារីអ៉ីនកា (Maryinka) ក្នុងតំបន់ដូណេត»។ ដោយសំដៅទៅលើ តំបន់មួយនៃភាគឦសានអ៊ុយក្រែន លោកស្រី ម៉ាលីយ៉ា បានបន្ថែមថា «លើសពីនេះ ខ្មាំងសត្រូវ (រុស្ស៉ី) បានចាប់ផ្តើមការវាយប្រហារនៅក្នុងតំបន់ស្វាតូវ (Svatove) ការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងកើតឡើង... ស្ថានភាពគឺស្មុគស្មាញណាស់»។
លោកស្រី ម៉ាលីយ៉ា បានបញ្ជាក់អំពីភាពជោគជ័យមួយផ្នែករបស់កងកម្លាំងអ៊ុយក្រែន នៅភាគខាងត្បូងនៃទីក្រុងបាកមូត Bakhmut បន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លាជាច្រើនខែ ស្របពេលកងកម្លាំងអ៊ុយក្រែនបានដណ្តើមយកភូមិជាច្រើនមកវិញ។ រីឯ ទាហានជួរមុខរុស្ស៉ីនិយាយថា កងកម្លាំងរបស់ខ្លួនកំពុង ឆ្លើយតបនឹងវាយលុករបស់អ៊ុយក្រែន នៅជិតភូមិនានាជុំវិញទីក្រុងបាកមូត ក៏ដូចជាតំបន់ភាគខាងត្បូងបន្ថែមទៀត ជាពិសេសទីក្រុងយុទ្ធសាស្ត្រ វូលៀរ (Vuhlear)។
គួរបញ្ជាក់ថា អ៊ុយក្រែនបាន និងកំពុងព្យាយាមវាយលុកដើម្បីដណ្តើមយកមកវិញនូវតំបន់ភាគខាងកើត និងខាងត្បូងដែលរុស្ស៉ីដណ្តើមគ្រប់គ្រង បានអស់រយៈពេល ១៦ខែ ក្នុងការឈ្លានពានរបស់ខ្លួន។ ភាពជឿនលឿននេះផ្តោតលើការវាយដណ្ដើមភូមិ នៅក្នុងតំបន់ភាគខាងត្បូង៕