(មូស្គូ)៖ លោក ហ្រ្គីហ្គោរី ការ៉ាស៉ីន (Grigory Karasin) ប្រធានគណៈកម្មាធិការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៉ី បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះថា ទីក្រុងមូស្គូបាននាំកុមារប្រមាណ ៧០០,០០០នាក់ ចេញពីតំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៉ី។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

ទីក្រុងមូស្គូនិយាយថា កម្មវិធីរបស់ខ្លួនក្នុងការនាំកុមារពីអ៊ុយក្រែនទៅរុស្ស៉ីគឺដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ចោល នៅក្នុងតំបន់ជម្លោះ។ លោក ការ៉ាស៉ីន បានសរសេរនៅលើបណ្តាញ Telegram យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កុមារចំនួន ៧០០,០០០នាក់ ត្រូវបានរកឃើញថាបានភៀសខ្លួនមកជាមួយពួកយើង ដែលជាការភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងនៃតំបន់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន»

យ៉ាងនេះក្តី អ៊ុយក្រែនបានអះអាងថា កុមារជាច្រើនត្រូវបាននិរទេសដោយខុសច្បាប់ ខណៈសហរដ្ឋអាមេរិកនិយាយថា កុមាររាប់ពាន់នាក់ត្រូវបានបណ្តេញ ចេញពីផ្ទះរបស់ពួកគេដោយបង្ខំ។ នៅក្នុងខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា រុស្ស៊ីបាននិរទេសដោយបង្ខំលើកុមារចំនួន ២៦០,០០០នាក់ ខណៈទីក្រុងកៀវថា កុមារអ៊ុយក្រែនចំនួន ១៩,៤៩២នាក់ត្រូវបាននិរទេសទៅរុស្ស៉ីដោយខុសច្បាប់។

គួរបញ្ជាក់ថា ភាគច្រើននៃការផ្លាស់ទីលំនៅរបស់ប្រជាជន បានកើតឡើងនៅក្នុងប៉ុន្មានខែដំបូងនៃសង្រ្គាម និងមុនពេលអ៊ុយក្រែនចាប់ផ្តើមការវាយលុកដ៏ធំ របស់ខ្លួនដើម្បីដណ្តើមយកមកវិញ នូវទឹកដីដែលរុស្ស៉ីកាន់កាប់នៅភាគខាងកើត និងខាងត្បូងចាប់តាំងពីចុងខែសីហាមក៕