(តៃប៉ិ)៖ តៃវ៉ាន់ នឹងដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅមុនការបើកធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ស្របពេលដែនកោះមួយនេះកំពុងបង្កើនការត្រៀមលក្ខណៈទប់ទល់នឹងការកើនឡើងនៃសកម្មភាពយោធារបស់ចិន។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតខាងលើ ដែលនឹងត្រូវធ្វើឡើងក្នុងតំបន់ ពីងទុង (Pingtung) ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ ត្រូវបានធ្វើឡើងចំពេល កម្ដៅនៃភាពតានតឹងរវាងទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ មិនមានភាពធូរស្រាលទាល់តែសោះ ដោយទីក្រុងប៉េកាំងបានដឹកនាំការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំបំផុតចំនួន២ នៅក្បែរតៃវ៉ាន់កាលពីឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ យន្ដហោះចម្បាំងចិន ៨គ្រឿង បានធ្វើសកម្មភាពនៅចម្ងាយត្រឹមតែ ៤៤គីឡូម៉ែត្រពីតំបន់ឆ្នេររបស់តៃវ៉ាន់ ហើយ កាលពីខែឧសភា នាវាផ្ទុកយន្ដហោះចម្បាំងសានទុង (Shandong) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដំណើរឆ្លងកាត់ដ៏កម្រមួយ៕