(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បាននិយាយថាកងទ័ពរុស្ស៉ី កំពុងមានភាពរីកចម្រើនទៅមុខ នៅតាមទីតាំងចំនួន៤ ក្នុងតំបន់ ភាគខាងកើតនៃប្រទេស នៅចំពោះមុខការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បានឱ្យដឹងថាកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅក្បែរទីក្រុង អាវឌីវកា (Avdiivka) ទីក្រុង ម៉ារីនកា (Mariinka), ឡាយមិន (Lyman) និងទីក្រុងស្វាតូវ (Svatove)។ ប៉ុន្តែ លោកស្រី Maliar ក៏បានអះអាងដែរថាកងទ័ពអ៊ុយក្រែន កំពុងវាយរុលទៅមុខក្នុងតំបន់ភាគខាងត្បូងនៃប្រទេស។ «ការវាយប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើងនៅគ្រប់ទីកន្លែង...ហើយស្ថានភាពពិតជា ស្មុគស្មាញខ្លាំងណាស់»។ នេះជាការបញ្ជាក់បន្ថែមរបស់អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនរូបនេះ។

គួរបញ្ជាក់ថា បើតាមលោកស្រី Maliar កងទ័ពអ៊ុយក្រែន កំពុងមានភាពរីកចម្រើន និងវាយរុលទៅមុខដោយទទួលបានជោគជ័យមួយចំនួន នៅលើ សមរភូមិ នៅប៉ែកខាងត្បូងនៃទីក្រុងបាកមូត ក្នុងតំបន់ភាគខាងកើត នៅក្បែរទីក្រុង បឺឌីយ៉ាន់ស្កិ៍ (Berdyansk) និងទីក្រុងមេលីតូប៉ូល (Melitopol) ក្នុងតំបន់ភាគខាងត្បូងនៃប្រទេស៕