(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់អឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ចក្នុងប្រទេសចំនួន៣ ក្នុងនោះ រួមមានទាំងចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី ដោយផ្ដោតជាសំខាន់លើការពង្រឹងក្រុមចម្រុះអន្តរជាតិ គាំទ្រអ៊ុយក្រែន ខណៈ ទីក្រុងកៀវកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

បើតាមសេតវិមាន លោក បៃដិន គ្រោងនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស នៅថ្ងៃទី៩ ខែកក្កដា ក្រោយមកឆ្ពោះទៅ កាន់រដ្ឋធានីវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO មុននឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហែលស៊ិនគី នៃប្រទេសហ្វាំងឡង់។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO កើតមានឡើង ចំពេលសហរដ្ឋអាមេរិក កំពុងជួយជ្រោមជ្រែងឱ្យស៊ុយអែតក្លាយជាសមាជិក NATO នៅចំពោះ មុខការជំទាស់ពីប្រទេសតួកគី និងហុងគ្រី។ នៅមុនដំណើរទស្សនិច្ចទៅអឺរ៉ុប លោក បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត នៅសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជជែកគ្នាពីសមាជិកភាព NATO របស់ស៊ុយអែត៕