(ប៉ារីស)៖ កុបករមួយក្រុមបានវាយឆ្មក់សម្រុកចូលគេហដ្ឋានរបស់ចៅហ្វាយក្រុងម្នាក់ នៃជាយទីក្រុងប៉ារីស ដោយបានដុតបំផ្លាញរថយន្ដ និងបាញ់កាំជ្រួចដាក់ភរិយា និងកូនៗរបស់ចៅហ្វាយក្រុងរូបនេះ ខណៈពួកគេព្យាយាមគេចខ្លួន ក្នុងពេលកុបកម្មដ៏ហិង្សាឈានចូលដល់យប់ទី៥ ចាប់តាំងពីមានករណីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

លោក វ៉ុំាងសង់ ហ្សង់ប្រាំង (Vincent Jeanbrun ) មានអាយុ៣៩ឆ្នាំ គឺជាចៅហ្វាយក្រុង ឡៃ ឡេ រ៉ូស (L'Hay-les-Roses) ស្ថិតនៅភាគខាងត្បូងនៃជាយទីក្រុងប៉ារីស។ លោកត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងសាលាក្រុង នៅពេលដែលផ្ទះរបស់លោក រងការវាយប្រហារ ដោយភរិយា និងកូនៗកំពុងដេកលក់។ ភរិយា និងកូន ២នាក់របស់ចៅហ្វាយក្រុងរូបនេះមា្នក់មានអាយុ ៥ឆ្នាំ និងម្នាក់មាន អាយុ ៧ឆ្នាំ ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព។ ប៉ុន្តែបើតាមលោក ហ្សង់ប្រាំង ភរិយារបស់លោកបានរងរបួសដោយសារ កាំជ្រួច ហើយត្រូវវះកាត់ជើង និងរងរបួសលើផ្ទៃមុខ ដោយត្រូវសម្រាកព្យាបាលរបួសយ៉ាងតិច ៣ខែ។ «ខណៈព្យាយាមការពារកូនៗ និង គេចចេញពីជនល្មើស ប្រពន្ធរបស់ខ្ញុំ និងកូនរបស់ខ្ញុំម្នាក់បានរងរបួស»។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ប្រាំង។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាបារាំងប្រចាំតំបន់ បានប្រាប់អ្នកសារព័ត៌មានថាការស៊ើបអង្កេតមួយពីបទប៉ុនប៉ងមនុស្សឃាតកំពុងធ្វើឡើង តែមិនទាន់មាន ជនសង្ស័យណាម្នាក់ត្រូវបានឃាត់ខ្លួននៅឡើយទេ។ ចលនាកុបកម្មហិង្សានៅបារាំង បានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ នៅពេលដែលយុវជន អាយុ១៧ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយមិនព្រមឈប់រថយន្ត តាមការបង្គាប់។

បុណ្យសពយុវជនរូបនោះ ទើបតែត្រូវបាន ប្រារព្ធឡើងកាលពីថ្ងៃសៅរ៍។ ភាពវឹកវរនេះក៏បានបង្ខំឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវផ្អាកគម្រោងបំពេញទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ផងដែរ ហើយលោក ម៉ាក្រុង បាននិយាយថា ការស្លាប់របស់យុវជន អាយុ១៧ឆ្នាំ នោះ ត្រូវបានប្រើប្រាស់ជាលេស ដើម្បីបង្កអំពើហិង្សានៅក្នុងប្រទេស ហើយលោកបានចាត់ទុកវាថា គឺជាកេងចំណេញផលប្រយោជន៍ មិនអាចទទួលយកបាន លើការស្លាប់របស់រូបគេ៕