(ដាម៉ាស់)៖ អ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាសលើប្រទេសស៊ីរី សំដៅទៅកាន់ទីតាំងយោធាស្ថិតនៅទីក្រុង Homs ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធការពារដែនអាកាសស៊ីរីបានបាញ់ទម្លាក់ភាគច្រើន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចុះផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន SANA ដែលដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពកាលពីព្រឹកថ្ងៃអាទិត្យ បានឱ្យដឹងថា មីស៊ីលបានហោះពីលើផ្នែកខ្លះនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់ មុនពេលវាវាយប្រហារទីតាំងនានាក្នុងតំបន់ជុំវិញទីក្រុង Homs ប្រទេស៊ីរី។
ទីភ្នាក់ងារ SANA បានគូសបញ្ជាក់ថា ការវាយឆ្មក់នេះបានបណ្តាលឱ្យមានការខូចខាតសម្ភារៈប៉ុណ្ណោះ មិនប៉ះពាល់ដល់អាយុជីវិតទេ។
ក្រុមឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរី បាននិយាយថា ការវាយប្រហារនេះ សំដៅលើឃ្លាំងអាវុធរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។
ទោះជាយ៉ាងណា អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ការវាយឆ្មក់តាមអាកាសខាងលើ គឺជាការសងសឹងដែលស៊ីរីបានបាញ់មីស៊ីលប្រឆាំងយន្តហោះចូលទៅក្នុងទឹកដីរបស់ខ្លួន ដែលបានផ្ទុះនៅកណ្តាលអាកាស។
លោក Avichay Adraee បាននិយាយទៀតថា មីស៊ីលទាំងនោះក៏បានវាយប្រហារគោលដៅផ្សេងទៀតនៅក្នុងតំបន់ផងដែរ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី ដើម្បីរំខានដល់ការកើនឡើងនៃការប្រើប្រាស់ខ្សែផ្គត់ផ្គង់ពីលើអាកាសរបស់អ៊ីរ៉ង់ ក្នុងការបញ្ជូនអាវុធទៅឱ្យសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី និងលីបង់ រួមទាំងក្រុមហេសបូឡារបស់លីបង់ផងដែរ៕