(វ៉ាស៊ីនតោន)៖ អាជ្ញាធរប៉ូលិសបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ២៨នាក់បានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីព្រឹកថ្ងៃអាទិត្យនៅទីក្រុង Baltimore សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣។

ស្នងការប៉ូលិសស្តីទី លោក Rich Worley បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ប៉ូលីសបានទទួលការហៅទូរសព្ទចូលជាច្រើនលើក អំពីការបាញ់ប្រហារមួយនៅវេលាម៉ោង ១២៖៣០នាទីព្រឹកថ្ងៃអាទិត្យ នៅឯពិធីជប់លៀងតាមដងមួយ ផ្លូវក្នុងសង្កាត់ Brooklyn ក្នុងរដ្ឋ Maryland ។

លោក Worley បាននិយាយដូច្នេះថា «នៅពេលទៅដល់ (កន្លែងកើតហេតុ) របស់មន្រ្តីយើងបានរកឃើញជនរងគ្រោះជាច្រើននាក់ ដែលមានរបួសដោយគ្រាប់កាំភ្លើង»

លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវបានបញ្ជូនទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​តំបន់ ដោយ​ក្នុង​នោះ​មាន​គ្នា​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ជាមួយគ្នានេះ សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលីស​បានគូសបញ្ជាក់ថា ស្ត្រី​អាយុ ១៨ ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ហើយ​ជនរងគ្រោះ​ជា​បុរស​អាយុ ២០ឆ្នាំម្នាក់ទៀត ​ក៏​បាន​បញ្ជាក់​ថា​ត្រូវ​បាន​គេ​សម្លាប់​ដែរ។

លោក Worley បាន​និយាយ​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​កំណត់​ពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ។

គួរបញ្ជាក់ថា ខណៈដែលចំនួនអាវុធនៅសហរដ្ឋអាមេរិក មានច្រើនជាងចំនួនប្រជាជន សហរដ្ឋអាមេរិកមានអត្រាខ្ពស់បំផុតនៃការស្លាប់ដោយកាំភ្លើងបំផុតមួយ ដោយយ៉ាងហោចណាស់ ៤៤,៣៥៧នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២២ រួមទាំងការធ្វើអត្តឃាតចំនួន ២៤,០៩០នាក់ នេះបើយោងតាមគេហទំព័រ បណ្ណសារអំពើហឹង្សាដោយកាំភ្លើងរបស់អាមេរិក ហៅកាត់ថា GVA៕