(ហ្សេរុយសាឡឹម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានប្រកាសឱ្យដឹងថា ប្រទេសអ៉ីស្រាអែលទើបតែបានអនុម័ត ចំពោះការទិញយន្តហោះចម្បាំងអាមេរិក F-35 កងទី៣ ក្នុងកិច្ចព្រមព្រៀងមួយ មានតម្លៃរហូតដល់៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថា ក្នុងកិច្ចព្រមព្រៀងខាងលើ នឹងមានការទិញយន្តហោះ F-35 ចំនួន២៥គ្រឿង ដែលវានឹងនាំឱ្យកងទ័ពអាកាសអ៉ីស្រាអែល មានយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបនេះ សរុបកើនដល់៧៥គ្រឿង ហើយកិច្ចព្រមព្រៀងនោះ នឹងត្រូវទូទាត់ថវិកាតាមរយៈកញ្ចប់ជំនួយវិស័យការពារជាតិ ដែលអ៉ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា អ៉ីស្រាអែលគឺជាប្រទេសដំបូងគេបំផុត ក្រៅពីសហរដ្ឋអាមេរិក ដែលទទួលបានយន្តហោះចម្បាំង F-35 យកទៅប្រើប្រាស់។ កាលពីខែឧសភា ឆ្នាំ២០១៨ ប្រមុខកងទ័ពអាកាសអ៉ីស្រាអែល បានអះអាងថា អ៉ីស្រាអែលគឺជាប្រទេសដំបូងគេ ដែលបានប្រើយន្តហោះនេះ នៅក្នុងការប្រយុទ្ធគ្នាជាក់ស្តែង៕