(សេអ៊ូល)៖ ក្រោយទើបតែងតាំងរដ្ឋមន្រ្តីបង្រួបបង្រួមជាតិថ្មី កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្រសួងបង្រួបបង្រួមជាតិកន្លងមកនេះ បានផ្តោតការយកចិត្តទុកដាក់ជ្រុលពេក ទៅលើការផ្តល់ជំនួយសម្រាប់កូរ៉េខាងជើង ហើយរឿងនេះត្រូវតែផ្លាស់ប្តូរចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមអ្នកនាំពាក្យលោក យូន លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងដូច្នេះថា «ក្រសួងបង្រួបបង្រួមជាតិ បានដើរតួប្រៀបដូចជា​ក្រសួងផ្តល់ជំនួយកូរ៉េខាងត្បូងយ៉ាងដូច្នោះ ដែលជារឿងមិនត្រឹមត្រូវនោះទេ។ វាដល់ពេលដែលក្រសួងបង្រួបបង្រួមជាតិ ត្រូវផ្លាស់ប្តូរហើយ»។ ប្រភពដដែលបានបន្ថែមថា លោក យូន បានទទូចឱ្យក្រសួងក្រោកឈរដើម្បីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី ហើយការបង្រួបង្រួមជាតិ​គួរតែផ្តល់ជីវិតរស់នៅ ដែលគាប់ប្រសើរជាងមុន ដល់ប្រជាជនទាំងនៅកូរ៉េខាងត្បូង និងនៅកូរ៉េខាងជើង។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិថ្មី ដែលលោក យូន ទើបតែតែងតាំងក្នុងសប្តាហ៍នេះ គឺលោក គីម យុនហូ (Kim Yung Ho) ដែលជាបញ្ញវន្តអភិរក្សនិយមម្នាក់ និងជាអ្នកធ្លាប់បញ្ចេញមតិរិះគន់ធ្ងន់ៗទៅលើ កំណត់ត្រាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ខណៈលោក យូន កំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិ ទៅលើស្ថានការណ៍សិទ្ធិមនុស្ស នៅ​ប្រទេសជិតខាងខ្លួនមួយនេះ ចំពោះមុខការកើនឡើងនៃភាពតានតឹងលើឧបទ្វីបកូរ៉េ។ កាលពីឆ្នាំ២០១៩ លោក គីម ធ្លាប់សរសេរក្នុងបទអត្ថាធិប្បាយមួយថា ផ្លូវឆ្ពោះទៅរកការបង្រួបបង្រួមឧបទ្វីបកូរ៉េ នឹងអាចបើកចំហ បន្ទាប់ពីរបបដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានផ្តួលរំលំ ហើយកូរ៉េខាងជើងត្រូវបានរំដោះ៕