(ប៉ារីស)៖ ក្រសួងមហាផ្ទៃបារាំងនៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន កំលុងយប់ថ្ងៃទី៥ នៃសកម្មភាពកុបកម្មហិង្សា នៅក្នុងប្រទេស គឺបានកើនដល់៧១៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីមហាផ្ទៃ លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បាននិយាយថា អំពើហិង្សាកាលពីយប់ថ្ងៃសៅរ៍ គឺហាក់មានភាពថមថយ បើធៀបទៅនឹងកាលពីយប់ថ្ងៃសុក្រ ដែលបានមើលឃើញមនុស្សដល់ជាង១,៣០០នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ លោក ដាម៉ាណាំង បានកោតសរសើរចំពោះសកម្មភាពម៉ឹងម៉ាត់របស់កងកម្លាំងប៉ូលិស ដែលបានជួយឱ្យស្ថានភាពស្ងប់ស្ងាត់ជាងមុន។ ប៉ូលិសបារាំងប្រមាណជា ៤៥,០០០នាក់ ត្រូវបានបន្តដាក់ពង្រាយនៅតាមទីក្រុងធំៗ ទូទាំងប្រទេសសម្រាប់យប់ថ្ងៃទី២ កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ចលនាកុបកម្មហិង្សានៅបារាំង បានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ នៅពេលដែលយុវជនអាយុ១៧ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយមិនព្រមឈប់រថយន្ត តាមការបង្គាប់។ បុណ្យសពយុវជនរូបនោះ ទើបតែត្រូវបានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍។ ភាពវឹកវរនេះក៏បានបង្ខំឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវផ្អាកគម្រោងបំពេញទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ផងដែរ ហើយលោក ម៉ាក្រុង បាននិយាយថា ការស្លាប់របស់យុវជនអាយុ១៧ឆ្នាំនោះ ត្រូវបានប្រើប្រាស់ជាលេស ដើម្បីបង្កអំពើហិង្សានៅក្នុងប្រទេស ហើយលោកបានចាត់ទុកវាថា គឺជាកេងចំណេញផលប្រយោជន៍មិនអាចទទួលយកបាន លើការស្លាប់របស់រូបគេ៕