(ដាម៉ាស)៖ នៅថ្ងៃអាទិត្យនេះ ស៉ីរីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានធ្វើសកម្មភាពឆ្លើយតបទប់ទល់ ចំពោះការវាយប្រហារដោយមីស៉ីល ពីសំណាក់ប្រទេសអ៉ីស្រាអែល មកលើតំបន់ភាគកណ្តាលនៃប្រទេសស៉ីរី ខណៈមីស៉ីលភាគច្រើន គឺត្រូវបានបាញ់ទម្លាក់ទាន់ពេល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ពីយោធាស៉ីរី បានឱ្យដឹងថា មីស៉ីលរបស់អ៉ីស្រាអែល ដែលបានហោះកាត់ផ្នែកខ្លះនៃរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ បានធ្លាក់ចំបរិវេណនៃទីក្រុងហូម (Homs) របស់ប្រទេសស៉ីរី ប៉ុន្តែបានត្រឹមបង្កឱ្យសំណង់អគារ និងវត្ថុផ្សេងៗរងការខូចខាតប៉ុណ្ណោះ ដោយពុំបានបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ ដោយឡែក ខាងយោធាអ៉ីស្រាអែល បានឱ្យដឹងថា កងយន្តហោះចម្បាំងបស់ខ្លួន បានកំណត់គោលដៅវាយប្រហារលើ ប្រព័ន្ធការពារដែនអាកាសមួយរបស់ស៉ីរី ហើយក៏បានវាយប្រហារលើគោលដៅដទៃទៀត នៅក្នុងតំបន់នោះផងដែរ ប៉ុន្តែវាមិនច្បាស់ទេថា ហេតុការណ៍ទាំងពីរពាក់ព័ន្ធគ្នាដែរឬអត់។
គួរបញ្ជាក់ថា យ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៉ីស្រាអែលហាក់បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអាកាសយានដ្ឋាន ក៏ដូចជាមូលដ្ឋានទ័ពអាកាសនៅស៉ីរី ក្រោមគោលដៅបង្អាក់ការកើនឡើង នៃការប្រើប្រាស់ខ្សែបណ្តាញផ្គត់ផ្គង់ផ្លូវអាកាសដោយអ៉ីរ៉ង់ ក្នុងការដឹកជញ្ជូនសព្វាវុធមកឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសស៉ីរីនិងលីបង់ រួមមានទាំងក្រុមហេសបូឡា (Hezbollah)៕