(ប៊ុយការ៉េស)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អ្នកការទូតនិងបុគ្គលិកស្ថានទូតរុស្ស៉ីសរុបចំនួន៤០នាក់ នៅទីក្រុងប៊ុយការ៉េស បានចាកចេញពី​ប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញរបស់រដ្ឋាភិបាលរ៉ូម៉ានី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដុនដាប ចាប់តាំងពីរុស្ស៉ីបានឈ្លានពាន​លើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការបរទេសរ៉ូម៉ានី បានប្រកាសថា អ្នកការទូតរុស្ស៉ីចំនួន១១នាក់ ព្រមទាំងបុគ្គលិកទូតផ្នែកបច្ចេកទេសនិងរដ្ឋបាល២៩នាក់ រួមជាមួយ​សមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីប្រទេសរ៉ូម៉ានីកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ តាមរយៈជើងហោះហើរស៉ីវិលពីសេសមួយ ដែលជារបស់​អាកាសចរណ៍រុស្ស៉ីផ្ទាល់។ ក្រសួងការបរទេសរ៉ូម៉ានី បានបន្ថែមថា ការសម្រេចចិត្តនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពី ស្ថានភាពបច្ចុប្បន្ននៃកម្រិត​ទំនាក់ទំនងទ្វេភាគី បន្ទាប់ពីទីក្រុងមូស្គូបានបង្កសង្រ្គាមឈ្លានពានរបស់ខ្លួន ប្រឆាំងទៅលើអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា រដ្ឋាភិបាលរ៉ូម៉ានីបានដាក់សំណើឱ្យពួកគេចេញពីប្រទេស ដោយទុកពេលឱ្យទីក្រុងមូស្គូ៣០ថ្ងៃ ដើម្បីអនុវត្តតាម។ ដូចទៅនឹងប្រទេសអឺរ៉ុបដទៃទៀតដែរ ក្រោយមានការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន រ៉ូម៉ានីដែលជាសមាជិកអង្គការណាតូ (NATO) បានបណ្តេញក្រុមអ្នកការទូតរុស្ស៉ីជាបន្តបន្ទាប់ ក្រោមការសង្ស័យធ្វើសកម្មភាពចារកម្ម។ បើតាមទីក្រុងប៊ុយការ៉េស មកទល់ពេលនេះ ចំនួនបុគ្គលិក​នៃស្ថានទូតរុស្ស៉ីនៅរ៉ូម៉ានី ត្រូវបានកាត់បន្ថយដល់ជាងពាក់កណ្តាលហើយ៕