(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson) នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាអំពីអង្គការណាតូ (NATO) និងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។
សេតវិមានបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា កំលុងជំនួបពិភាក្សានាថ្ងៃពុធសប្តាហ៍ក្រោយ មេដឹកនាំទាំងពីរនឹងពិនិត្យទៅលើ ការកើនឡើងនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយគូសបញ្ជាក់ជាថ្មីនូវទស្សនៈដែលថា ស៊ុយអែតគួរត្រូវបានអនុញ្ញាឱ្យក្លាយជាសមាជិក NATO ក្នុងពេលឆាប់ៗ តាមតែអាចធ្វើទៅរួច។ សេតវិមានបានបន្តថា លោក បៃដិន នឹងលោក គ្រីស្ទើសុន ក៏នឹងជជែកគ្នាផងដែរ អំពីការប្តេជ្ញារួមរបស់ភាគីទាំងពីរនៅក្នុងការគាំទ្រអ៊ុយក្រែន ចំពោះមុខសង្រ្គាមឈ្លានពាន ដែលមិនទាន់រកឃើញទីបញ្ចប់របស់រុស្ស៉ី។
គួរបញ្ជាក់ថា ស៊ុយអែតបានស្នើសុំចូលរួមក្នុងអង្គការ NATO កាលពីខែឧសភា ឆ្នាំ២០២២ ពោលគឺរយៈពេល៣ខែ ក្រោយរុស្ស៉ីឈ្លានពានលើអ៊ុយក្រែន ប៉ុន្តែពាក្យស្នើសុំរបស់ទីក្រុងស្តុកខុល ដែលចាំបាច់ត្រូវឆ្លងកាត់ ការផ្តល់សច្ចាប័នពីប្រទេសជាសមាជិកទាំង៣១ របស់ NATO គឺត្រូវបានរារាំងដោយហុងគ្រីនិងតួកគីរហូតមក។ ចំណែកហ្វាំងឡង់ ដែលបានដាក់ពាក្យដំណាលគ្នា បានក្លាយជាសមាជិក NATO ជាផ្លូវការរួចរាល់ហើយ កាលពីខែមេសាកន្លងទៅ៕