(ប៉ារីស)៖ បារាំង និងអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រូវពន្យារពេលធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេសបារាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យប្រធានាធិតីអាល្លឺម៉ង់ បានឲ្យដឹងថា លោក ម៉ាក្រុង បាននិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតី ហ្រ្វេង វ៉លទ័រ ស្តែនម៊ែរ (Frank-Walter Steinmeier) ហើយបានប្រាប់អំពីស្ថានភាពនេះក្នុងប្រទេសបារាំង។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «លោកប្រធានាធិបតី ម៉ាក្រុងបានស្នើឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលបានគ្រោងទុកនៅអាល្លឺមង់នឹងត្រូវពន្យារពេល»។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងចំពលដែលមនុស្សជាង ១,៣០០នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង អំឡុងយប់ទី៤នៃកុបកម្មដ៏ហិង្សា ផ្តើមចេញពីការសម្លាប់យុវជនម្នាក់ដោយប៉ូលិសបារាំង៕