(ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំនេះ ជាខួបទី១០២នៃការបង្កើតបក្សកុម្មុយនីស្តចិន ទិវានេះមានសារសំខាន់ណាស់ចំពោះបក្សកុម្មុយនីស្តចិននិងប្រជាជនចិន។ សមាជិកបក្ស និងមហាជននៃតំបន់នានាប្រទេសចិនបានរៀបចំធ្វើសកម្មភាពអបអរសាទរដ៏សម្បូរបែប ដើម្បីបង្ហាញពីក្តីស្រឡាញ់យ៉ាងខ្លាំងរបស់ប្រជាជនចំពោះបក្សកុម្មុយនីស្តចិន។ ក្រោម ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនបានប្រែពីប្រទេសក្រីក្របំផុតក្លាយទៅជាប្រទេសដែលមានភាពរីកចម្រើននិងភាពរុងរឿងថ្កុំថ្កើង។ ឆ្លងតាមរយៈការតស៊ូព្យាយាម អស់រយៈពេល១រយឆ្នាំ ជានិច្ចកាល បក្សកុម្មុយនីស្តចិនតែងតែចាត់ទុកការស្វែងរកសុភមង្គលជូនចំពោះប្រជាជន ជាក្តីបំណងដើមនិងបេសកកម្មរបស់ខ្លួន ហើយទទួលបាន សមិទ្ធផលដ៏ធំធេងដែលបានបង្ហាញទៅកាន់ពិភពលោកថា ប្រជាជនចិនបានជ្រើសរើសផ្លូវអភីវឌ្ឍន៍ដែលសក្តិសមនឹងខ្លួនឯងបំផុត ប្រជាជនចិនគ្រប់រូបសុទ្ធតែទទួលបាន ផលប្រយោជន៍ ហើយពោពេញទៅដោយក្តីសង្ឃឹមចំពោះអនាគត។

បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ រីឯរបបសង្គមនិយម និងប្រព័ន្ធអភិបាលកិច្ចជាំតិដែលប្រកបដោយលក្ខណៈពិសេសចិន បានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានផ្តល់ជម្រើសថ្មីមួយដល់ប្រទេសនិងជនជាតិនៅលើពិភពលោក ដែលសង្ឃឹមចង់ទទួលបាន ការអភិវឌ្ឍយ៉ាងឆាប់រហ័សផង និងចង់រក្សាភាពឯករាជ្យម្ចាស់ការផងដែរ។ «អភិបាលកិច្ចរបស់ចិន» បានក្លាយជាប្រធានបទដែលញ៉ាំងឱ្យមតិសាធារណៈអន្តរជាតិផ្តោត ការយកមកពិភាក្សាកាន់តែច្រើនឡើងៗ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានបក្សប្រជាជនកម្ពុជាធ្លាប់ថ្លែងថា បក្សកុម្មុយនីស្តចិនបានសាមគ្គីនិងដឹកនាំ ប្រជាជនចិន លុបបំបាត់ចោលភាពក្រីក្រដាច់ខាត សម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទីមួយនៃការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងទទួលបានសមិទ្ធផលដ៏មហិមា គួរឱ្យកោតសរសើរណាស់នេះជាលទ្ធផលនៃការដឹកនាំដ៏ឈា្លសវៃរបស់បក្សកុម្មុយនីស្ដចិន។ បច្ចុប្បន្ននេះ សង្គមមនុស្សជាតិបាននិងកំពុងឈរ នៅផ្លូវកែងដែលបានប្រឈមមុខនឹងការសាកល្បងមិនធ្លាប់មានកាលពីមុន។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃសហគមន៍អន្តរជាតិរំពឹងថា គំនិតនិងបទពិសោធន៍ក្នុងអភិបាលកិច្ចរបស់ បក្សកុម្មុយនីស្តចិនអាចរួមចំណែកពុទ្ធិ និងកម្លាំងចិត្តកាន់តែច្រើនដល់ការរក្សាសន្តិភាព វឌ្ឍនភាព និងការរីកចម្រើនខាងអរិយធម៌មនុស្សជាតិ ក៏ដូចជាផ្តល់បទពិសោធន៍មានតម្លៃ កាន់តែច្រើនដល់ពិភពលោកផងដែរ។

ទាក់ទិងនឹងការនេះ លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងថា គំនិតអភិវឌ្ឍន៍របស់បក្សកុម្មុយនីស្តចិនមិនត្រឹមតែអាចកសាងអនាគតរបស់ ចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានាលើពិភពលោកផងដែរ។ ចាប់ពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និងទស្សនៈ ស្តីពីការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រទេសចិនបានផ្តល់ផែនការអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ដល់ការអភិវឌ្ឍសកល ដែលបានជះឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយចំពោះអាស៊ី រហូតដល់ពិភពលោកទាំងមូលផងដែរ។

ប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនបានរក្សានិន្នាការល្អជាទូទៅ ការនេះក៏បានផ្តល់ជំនឿចិត្តដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកនាំមុខថ្មីលើកទី១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលទើបបានបញ្ចប់ លោក Klaus Schwab ស្ថាបនិក និងជាប្រធាន ប្រតិបតិ្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថាគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ចិនចំនួន៥ភាគរយ គួរឱ្យលើកទឹកចិត្តណាស់ វេទិកាដាវ៉ូស និងអង្គប្រជុំ រំពឹងទុកក្រែងលៃងថាអាចយល់ដឹងពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលយូរ ផែនការឆ្លើយតបនិងការប្រឈម គោលនយោបាយបើកទូលាយរបស់ប្រទេសចិន ក៏ដូចជាកាលានុវត្តភាព ដែលប្រទេសចិននឹងនាំមកដល់សហគ្រាសសកលលោកផងដែរ។

នៅលើពិភពលោក គ្មានរូបមន្តអភិវឌ្ឍន៍ណាមួយដែលមានភាពត្រឹមត្រូវនៅទូទាំងពិភពលោកនោះទេ គណបក្សនីមួយៗសុទ្ធតែមានការស្វែងរករបស់ខ្លួន រីឯការស្វែងរករបស់ បក្សកុម្មុយនីសចិន គឺស្វែងរកផលប្រយោជន៍ដល់ប្រជាជនរបស់ចិន។ ក្រោមការដឹកនាំរបស់ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគ្រោងទុក ប្រទេសចិននឹងជំរុញឥតឈប់ឈរនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទនើបកម្មតាមបែបផែនចិន ព្រមនិងផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការងើបឡើងវិញ នូវសេដ្ឋកិច្ចសកល និងការកសាងសេដ្ឋកិច្ចសកលប្រកបដោយភាពបើកទូលាយ ដើម្បីរួមចំណែកពុទ្ធិចិនដល់ការដោះស្រាយបញ្ហាប្រឈមជាសកល ក៏ដូចជាផ្តល់ផែនការចិនដល់ មនុស្សជាតិ ដើម្បីកសាងសង្គមឱ្យកាន់តែល្អប្រសើរផងដែរ ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន