(កៀវ)៖ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក វ៉ាឡេរី ហ្សាលូស្នី (Valery Zaluzhny) បាននិយាយថាភាពយឺតយ៉ាវនៃប្រតិបត្តិការវាយបកប្រឆាំងនឹង កងកម្លាំងរុស្ស៉ី គឺដោយសារតែការខ្វះខាតសព្វាវុធ រាប់ចាប់ពីយន្ដហោះចម្បាំង រហូតដល់គ្រាប់រំសេវសម្រាប់កាំភ្លើងធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។

ជាការសម្ដែងការខកចិត្តចំពោះការយឺតយ៉ាវប្រគល់អាវុធពីបណ្ដាប្រទេសលោកខាងលិច លោក ហ្សាលូស្នី បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក Washington Post ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា អ៊ុយក្រែនកំពុងទន្ទឹងរង់ចាំការប្រគល់យន្ដហោះចម្បាំង F-16 តាមការសន្យាពីសំណាក់បណ្ដាប្រទេស លោកខាងលិច។ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមិនត្រូវការយន្ដហោះចម្បាំងរហូតដល់ ១២០គ្រឿងនោះទេ។ ខ្ញុំក៏មិនមែនកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូលនោះដែរ។ យន្ដហោះចម្បាំងត្រឹមមួយចំនួនតូច គឺវាគ្រប់គ្រាន់ណាស់ទៅហើយ»។ ក្រៅតែពីទទូចចង់បាន យន្ដហោះចម្បាំង ​លោក ហ្សាលូស្នី ក៏បានអះអាងដែរថាអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់រំសេវសម្រាប់កាំភ្លើងធំ។

គួរបញ្ជាក់ថា បើតាមលោក ហ្សាលូស្នី លោកផ្ទាល់បានធ្វើការទំនាក់ទំនងជាមួយដៃគូលោកខាងលិច ក្នុងនោះរួមមានទាំងនាយសេនាធិការកងទ័ពចម្រុះអាមេរិក លោក Mark Milley ដែលទទួលដឹងឮពីតម្រូវការចាំបាច់របស់អ៊ុយក្រែន៕