(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាខ្លួនប្រទះឃើញនាវាចម្បាំងរុស្ស៉ី២គ្រឿង បង្ហាញវត្តមានក្នុងតំបន់ដែនទឹកក្បែរកោះតៃវ៉ាន់ និងកោះអូគីណាវ៉ា (Okinawa) របស់ជប៉ុន កាលពី៤ថ្ងៃមុន ហើយដែលការអះអាងនេះដូចគ្នាទៅសេចក្ដីប្រកាសរបស់តៃវ៉ាន់កាលពីដើមសប្ដាហ៍កន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។

កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថាបានប្រទះឃើញនាវាចម្បាំងរុស្ស៉ី២គ្រឿង ក្នុងតំបន់ដែនទឹកស្ថិតនៅក្បែរឆ្នេរភាគខាងកើត របស់ខ្លួន និងបានចល័តយន្ដហោះចម្បាំង ព្រមទាំងនាវាចម្បាំងតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងរុស្ស៉ីទាំង២គ្រឿងនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនកាលពីខែមិថុនា ក៏បានធ្លាប់បានរាយការណ៍ផងដែរពីសកម្មភាពយោធារុស្ស៉ី នៅក្បែរដែនដីជប៉ុន ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធារួម គ្នាជាមួយកងទ័ពចិន ដោយបង្កក្ដីកង្វល់យ៉ាងខ្លាំងដល់សន្តិសុខជាតិជប៉ុន៕