(ប៉ារីស)៖ ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាមនុស្ស ៩៩៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅទូទាំងប្រទេស ខណៈការធ្វើកុបកម្មបានឈានចូលដល់ ថ្ងៃទី៤ ពាក់ព័ន្ធនឹងករណីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។

កាលពីសុក្រម្សិលមិញផងដែរ រដ្ឋាភិបាលបារាំង បានដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដោយមានការគាំទ្រពីរថពាសដែកធុនស្រាល ដើម្បីបង្រ្កាបកុបកម្មដ៏ហិង្សា របស់ក្រុមបាតុករដែលផ្ទុះកំហឹង បន្ទាប់ពីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ប៉ូលិស ៤,៥០០០នាក់ ដែលត្រូវបានដាក់ពង្រាយ គឺដកចេញពីអង្គភាពប៉ូលិស និងកងរាជអាវុធហត្ថបារាំង។ ចំនួនប៉ូលិសនេះត្រូវបានបង្កើនបន្ថែម បើធៀបទៅនឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលប៉ូលិស ៤០,០០០នាក់ ត្រូវបានដាក់ពង្រាយ តែបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សា និងការបំផ្លិចបំផ្លាញពីក្រុមកុបករ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតរថយន្ត ដាក់របាំងផ្លូវ និងបានគប់គ្រាប់ផ្លោងដាក់ប៉ូលិស បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខ នៅពេល ពួកគេចង់ធ្វើពិធីឧទ្ទិស នៅទីក្រុង ណង់ទែរ (Nanterre) ដែលជាទីក្រុងសម្បូរដោយកម្មករ នៅឯជាយក្រុងប៉ារីសភាគខាងលិច និងជាទីដែលយុវជនអាយុ ១៧ឆ្នាំ ឈ្មោះ Nahel M ត្រូវបានប៉ូលិសបាញ់សម្លាប់។ សាកសពក្មេងជំទង់រូបនេះ គ្រោងនឹងត្រូវបានបញ្ចុះនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕