(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns កាលពីពេលថ្មីៗនេះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ជាទីដែលលោកបានជួបជាមួយប្រមុខចារកម្មអ៊ុយក្រែន និងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់លោក William Burns មិនត្រូវបានប្រកាសឱ្យដឹងជាមុននោះទេ និងបានកើតឡើងចំពេលកងកម្លាំងអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំង នឹងកងកម្លាំងរុស្ស៉ី ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុង ពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែន លោក William Burns បានបញ្ជាក់ឡើងវិញជាថ្មីពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចែករំលែកព័ត៌មានសម្ងាត់ដើម្បីជួយទីក្រុង កៀវ ការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។
ដោយឡែក បើតាមសារព័ត៌មាន Washington Post ដែលជាអ្នករាយការណ៍មុនគេពីដំណើរទស្សនកិច្ចនេះ ក្រុមមន្ត្រីអ៊ុយក្រែនក៏បានបង្ហើបប្រាប់លោក Burns ពីផែនការ ដណ្ដើមយកទឹកដីរបស់ខ្លួនពីកងកម្លាំងរុស្ស៉ីមកវិញផងដែរ ហើយនឹងចាប់ផ្ដើមចរចាលើបទឈប់បាញ់នៅដំណាច់ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Washington Post ដំណើរទស្សនកិច្ចរបស់ប្រមុខ CIA ក្នុងប្រទេសអ៊ុយក្រែន ធ្វើឡើងកាលពីខែមិថុនាកន្លងទៅ ពោលគឺមុន ថៅកែទាហានស៊ីឈ្នួលរុស្ស៉ី ដឹកនាំការបះបោរមិនបានសម្រេចមួយប្រឆាំងអំណាចដឹកនាំក្នុងក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕