(មូស្គូ)៖ វិមានក្រឹមឡាំង និងទីក្រុងញូវដេលី បានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាពីស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន និងថាតើទីក្រុងមូស្គូ ដោះស្រាយបិទបញ្ចប់ការបះបោររបស់ទាហានស៊ីឈ្នួល Wagner ដោយរបៀបណា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។
បើតាមវិមានក្រឹមឡាំង លោក ម៉ូឌី បានបង្ហាញការគាំទ្រចំពោះអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជាការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពរបស់មេដឹកនាំរុស្ស៉ី ក្នុងការដោះស្រាយ ការបះបោររបស់ទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ចំណែក រដ្ឋាភិបាលឥណ្ឌាវិញ បាននិយាយថាលោក ពូទីន បានប្រាប់លោក ម៉ូឌី ពីស្ថានការណ៍ វិវត្តន៍ថ្មីៗនៅរុស្ស៉ី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌា បានគូសបញ្ជាក់ដូច្នេះថា «ខណៈពិភាក្សាពីស្ថានការណ៍នៅអ៊ុយក្រែន លោកនាយករដ្ឋមន្ត្រី (ម៉ូឌី) ក៏បានបញ្ជាក់ឡើងវិញផងដែរពីការអំពាវនាវរបស់លោកសម្រាប់កិច្ចសន្ទនា និងដំណោះស្រាយការទូត»។
គួរបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ម៉ូឌី កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា បានហៅគ្នាទៅវិញទៅមកថាជាដៃគូដ៏ជិតស្និទ្ធក្នុង ពិភពលោក កាលពីសប្ដាហ៍មុន នាឱកាសនៃដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕